សាលា អេ.អាយ.អេ នាំយកកម្មវិធីសប្បុរសធម៌ «បញ្ញវន្តអង្គរ ឆ្នាំ២០២៦» ចែកទានចំណេះ និងសម្ភារៈសិក្សាដល់កុមាររងផលប៉ះពាល់ដោយសារសង្គ្រាមនៅព្រំដែនស្រុកថ្មពួក
AKP បន្ទាយមានជ័យ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ --
ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំ និងផ្តល់ឱកាសស្មើៗគ្នាចំពោះកុមារនៅតាមតំបន់ដាច់ស្រយាល ពិសេសយុវជនជំនាន់ក្រោយដែលរងផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានពីសំណាក់ភាគីថៃលើអធិបតេយ្យកម្ពុជានៅតាមបន្ទាត់ព្រំដែន ថ្នាក់ដឹកនាំ មន្ត្រីអប់រំ និងសប្បុរសជន បានរួមគ្នាសាបព្រោះវប្បធម៌ចែករំលែកយ៉ាងសកម្ម។ ជាក់ស្តែង កាលពីថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៦ សាលា អេ.អាយ.អេ (បញ្ញវន្តអង្គរ) បានរៀបចំ «កម្មវិធីសប្បុរសធម៌បញ្ញវន្តអង្គរ ប្រចាំឆ្នាំ២០២៦» យ៉ាងគគ្រឹកគគ្រេងនៅសាលាបឋមសិក្សាគោករមៀត ដែលស្ថិតក្នុងភូមិស្ពាន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ និងលោកបណ្ឌិត ថោង វាសនា ប្រធាននាយកប្រតិបត្តិសាលា AiA ព្រមទាំងមានការចូលរួមពីលោកនាយក លោកគ្រូ-អ្នកគ្រូ អាជ្ញាធរមូលដ្ឋាន មាតាបិតា និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

ថ្លែងនៅក្នុងឱកាសដ៏រំភើបនោះ លោកបណ្ឌិត ថោង វាសនា ប្រធាននាយកប្រតិបត្តិសាលា AiA បានមានប្រសាសន៍លើកឡើងពីគោលបំណងចម្បងនៃយុទ្ធនាការសប្បុរសធម៌នេះថា «កម្មវិធីសប្បុរសធម៌បញ្ញវន្តអង្គរ ប្រចាំឆ្នាំ២០២៦» ត្រូវបានបង្កើតឡើងក្នុងស្មារតីជាតិខ្មែរតែមួយ ជួយគ្នាទៅវិញទៅមក។ លោកបណ្ឌិតបានសង្កត់ធ្ងន់ថា សិស្សានុសិស្សនៅសាលាបឋមសិក្សាគោករមៀត គឺជាកុមារដែលរស់នៅក្នុងតំបន់ប្រវត្តិសាស្ត្រ ដែលធ្លាប់រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារសង្គ្រាមឈ្លានពានពីប្រទេសជិតខាង (ថៃ) នាពេលកន្លងមកនេះ។ ផលវិបាកនៃសង្គ្រាមមិនត្រឹមតែបន្សល់ទុកនូវការលំបាកផ្នែកជីវភាពនោះទេ ប៉ុន្តែវាបានបង្កើតជាឧបសគ្គដល់ការសិក្សារបស់កុមារនៅតាមបន្ទាត់ព្រំដែនផងដែរ។ ដូចនេះ ការនាំយកសម្ភារៈសិក្សា និងថវិកាមកនាពេលនេះ គឺដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុងការកាត់បន្ថយការបោះបង់ការសិក្សា ផ្តល់ភាពកក់ក្តៅ និងដុះខាត់បញ្ញារបស់ពួកគេឱ្យក្លាយជា «បញ្ញវន្ត» ពិតប្រាកដសម្រាប់ទ្រទ្រង់អនាគតជាតិ។

ជាការឆ្លើយតប លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះទឹកចិត្តដ៏ប្រពៃរបស់លោកបណ្ឌិតប្រធាននាយកប្រតិបត្តិ ក៏ដូចជាគណៈគ្រប់គ្រងសាលា អេ.អាយ.អេ ទាំងអស់។ លោកប្រធានមន្ទីរបានថ្លែងថា សកម្មភាពសប្បុរសធម៌នាថ្ងៃនេះ គឺពិតជាឆ្លើយតបចំតម្រូវការជាក់ស្តែងរបស់សាលារៀននៅតាមដាច់ស្រយាល និងស្របតាមគោលនយោបាយគន្លឹះរបស់ក្រសួងអប់រំ ក្នុងការលើកកម្ពស់គុណភាពអប់រំ។ លោកបានដាស់តឿនដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រឱ្យក្លាយជាកូនល្អ សិស្សល្អ ដើម្បីតបស្នងទៅនឹងការលះបង់របស់លោកគ្រូអ្នកគ្រូ និងទឹកចិត្តដ៏ថ្លៃថ្លារបស់សប្បុរសជន ជាពិសេសត្រូវចេះថែរក្សាសម្ភារៈសិក្សាទាំងនេះឱ្យបានគង់វង្ស។ ដើម្បីជាការគាំទ្រដល់ដំណើរការបង្រៀននិងរៀន សាលា អេ. អាយ.អេ (បញ្ញវន្តអង្គរ) បាននាំយកនូវថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារសិក្សាឧបត្ថម្ភដល់សាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស រួមមានថវិកាឧបត្ថម្ភជូនសាលាចំនួន ២.៥០០.០០០រៀល សម្ភារៈសិក្សាចំនួន ២៤០កញ្ចប់ (ក្នុងមួយកញ្ចប់មាន សៀវភៅ ប៊ិក ខ្មៅដៃ និងខ្មៅដៃពណ៌) នំកញ្ចប់ចំនួន ២៥០កញ្ចប់ សម្ភារៈកីឡាចំនួន ១ឈុតធំ ទឹកដោះគោជូរចំនួន ១២កេស សម្ភារៈការិយាល័យ សម្លៀកបំពាក់ និងសម្ភារៈផ្សេងៗចំនួន ៣៤កេស។

ភាពញញឹម និងក្តីសង្ឃឹមថ្មីត្រូវបានស្តែងឡើងនៅលើផ្ទៃមុខរបស់កុមារាកុមារីរាប់រយនាក់នៅសាលាបឋមសិក្សាគោករមៀត តាមរយៈការទទួលបាននូវកញ្ចប់សម្ភារៈសិក្សាថ្មីៗ ដែលជាទុនគាំទ្រដ៏មានតម្លៃមិនអាចកាត់ថ្លៃបានក្នុងការបន្តដំណើរស្វែងរកចំណេះដឹងនៅតំបន់ជាយដែននៃមាតុភូមិកម្ពុជា៕
ដោយ៖ ឈុន សារ៉ាត





