អភិបាលស្រុកបូរីជលសារ ចុះពិនិត្យ និងជំរុញប្រសិទ្ធភាពការផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណចល័ត ជូនប្រជាពលរដ្ឋដល់មូលដ្ឋានក្នុងឃុំជ័យជោគ
AKP តាកែវ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ --
ដើម្បីបង្ខិតការផ្ដល់សេវាសាធារណៈឱ្យកាន់តែជិតបងប្អូនប្រជាពលរដ្ឋ លោក ស៊ូ ភិរម្យ អភិបាលនៃគណៈអភិបាលស្រុកបូរីជលសារ រួមជាមួយលោកអភិបាលរងស្រុក និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យ និងតាមដានផ្ទាល់នូវដំណើរការនៃការចុះចល័តបំពេញបែបបទ ផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនដល់បងប្អូនប្រជាពលរដ្ឋនៅស្រុកបូរីជលសារ។

ការចុះផ្ដល់សេវាធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនបងប្អូនប្រជាពលរដ្ឋក្នុងពេលនេះ ធ្វើឡើងដោយនគរបាលជំនាញផ្នែកអត្តសញ្ញាណកម្ម នៃអធិការនគរបាលស្រុកបូរីជលសារ។ ពិធីនេះរៀបចំឡើងនៅសាលាឃុំជ័យជោគស្រុកបូរីជលសារខេត្តតាកែវ កាលពីព្រឹកថ្ងៃសៅរ៍ ៦កើត ខែបឋមាសាឍ ឆ្នាំមមីអដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោក ស៊ូ ភិរម្យ អភិបាលនៃគណៈអភិបាលស្រុកបូរីជលសារ បានថ្លែងថា ការចុះពិនិត្យនេះក្នុងគោលបំណងធានាឱ្យបាននូវភាពរលូន និងបង្កលក្ខណៈងាយស្រួល ស្របតាមគោលនយោបាយគាំពារ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់។ លោកអភិបាលស្រុកបូរីជលសារ ក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់កងកម្លាំង និងមន្ត្រីជំនាញអត្តសញ្ញាណកម្មផងដែរ។

ជាមួយគ្នានេះ លោកក៏បានផ្តល់ការណែនាំ និងជំរុញបន្ថែមដល់មន្ត្រីជំនាញទាំងអស់ ត្រូវបន្តបំពេញតួនាទីភារកិច្ចរបស់ខ្លួនដោយស្មារតីយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់។ លោក ស៊ូ ភិរម្យ បានណែនាំដល់មន្ត្រីជំនាញទាំងអស់ ត្រូវតែបន្តផ្តល់សេវាជូនប្រជាពលរដ្ឋ ដោយផ្អែកលើគោលការណ៍តម្លាភាព ប្រសិទ្ធភាព និងភាពងាយស្រួល ត្រូវធ្វើយ៉ាងណាឱ្យបងប្អូនប្រជាពលរដ្ឋ ទទួលបានសេវាសាធារណៈមួយនេះ ប្រកបដោយគុណភាពនិងទាន់ពេលវេលា។ សកម្មភាពចុះជម្រុញនេះ បានស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរស្រុកបូរីជលសារ ក្នុងការនាំយកសេវាសាធារណៈដ៏ចាំបាច់នេះ ឱ្យកាន់តែខិតជិតផ្ទះរបស់ប្រជាពលរដ្ឋ ជួយកាត់បន្ថយទាំងពេលវេលា និងការចំណាយផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។

ប្រជាពលរដ្ឋនៅឃុំជ័យជោគ បានសម្ដែងនូវក្ដីត្រេកអរ និងអរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំស្រុកបូរីជលសារ ក៏ដូចជាមន្ត្រីនគរបាលជំនាញផ្នែកអត្តសញ្ញាណកម្ម ដែលបានយកចិត្តទុកដាក់ខ្ពស់ ចុះមកផ្ដល់សេវាដ៏មានសារៈសំខាន់នេះដល់កៀកខ្នងផ្ទះ។ នេះពិតជាបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់៕
ដោយ៖ អ៊ុច សៀង





