ហ្វីលីពីន៖ មនុស្ស ៧៨នាក់ស្លាប់ និង ៣០នាក់បាត់ខ្លួន បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រ
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ -- យ៉ាងហោចណាស់មនុស្ស ៧៨នាក់បានស្លាប់ និង ៣០នាក់ទៀតបាត់ខ្លួន បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧,៨រ៉ិចទ័របានវាយប្រហារខេត្តសារ៉ាងហ្កានី នៅភាគខាងត្បូងប្រទេសហ្វីលីពីន កាលពីកន្លងមកនេះ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាជាតិកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ (NDRRMC) បានចេញផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦។
ក្រុមប្រឹក្សាជាតិកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ (NDRRMC) បាននិយាយថា គ្រោះរញ្ជួយដីនេះបានប៉ះពាល់ដល់គ្រួសារជាង ៣៥៧.០០០គ្រួសារ ឬប្រហែល ១,៥លាននាក់។ ក្នុងចំណោមអ្នកដែលរងផលប៉ះពាល់ គ្រួសារប្រហែល ៥.៥០០គ្រួសារ ឬជិត ២២.០០០នាក់ កំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌលជម្លៀសចំនួន៤៧។
ផ្ទះប្រហែល ៧៤.៧០០ខ្នងបានរងការខូចខាត ដែលក្នុងនោះ ១៣.៧០០ខ្នងត្រូវបានដាក់ស្លាកថា «ខូចខាតទាំងស្រុង»។ ហេដ្ឋារចនាសម្ព័ន្ធសរុបចំនួន៧៧៤ ត្រូវបានខូចខាត ដែលបណ្តាលឱ្យមានការខាតបង់ថវិកាចំនួន ១,២៩ពាន់លានប៉េសូ (ប្រហែល ២១,៣លានដុល្លារអាម៉េរិក)។ ក្រុមប្រឹក្សាបាននិយាយថា ការចំណាយលើវិស័យកសិកម្មត្រូវបានប៉ាន់ប្រមាណថាមានចំនួន ២៩,៨លានប៉េសូ។
វិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន បាននិយាយថា គ្រោះរញ្ជួយដីតិចតូនិចនេះបានកើតឡើងនៅវេលាម៉ោង ០៧:៣៧នាទីព្រឹក ថ្ងៃទី០៨ ខែមិថុនា (ម៉ោងក្នុងស្រុក) ក្នុងជម្រៅ ៣៣គីឡូម៉ែត្រ ដោយចំណុចកណ្តាលស្ថិតនៅចម្ងាយ ៣២គីឡូម៉ែត្រភាគនិរតីនៃឆ្នេរសមុទ្រនៃទីក្រុងម៉ាស៊ីម ក្នុងខេត្តសារ៉ាងហ្គានី នៅលើកោះមីនដាណាវ។
គ្រោះរញ្ជួយដីនេះ គឺជាគ្រោះរញ្ជួយដីមួយក្នុងចំណោមគ្រោះរញ្ជួយដីដ៏ខ្លាំងបំផុតដែលបានវាយប្រហារប្រទេសហ្វីលីពីនក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក។ ចំនួនអ្នកស្លាប់បានបន្តកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីគ្រោះមហន្តរាយនេះ ខណៈដែលក្រុមជួយសង្គ្រោះបានចូលទៅកាន់តំបន់ដាច់ស្រយាលដោយសារការរអិលបាក់ដី និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត។
យោងតាមរបាយការណ៍មុនៗពីក្រុមប្រឹក្សា NDRRMC និងការិយាល័យការពារជនស៊ីវិល (OCD) បានឱ្យដឹងថា ចំនួនអ្នកស្លាប់បានកើនឡើងពី ៣៧នាក់នៅថ្ងៃទី០៩ ខែមិថុនា ដល់ ៤៥ នាក់នៅថ្ងៃទី១០ ខែមិថុនា ៥៥នាក់នៅថ្ងៃទី១២ ខែមិថុនា ពី៦១-៦៥នាក់រវាងថ្ងៃទី១៣ និងថ្ងៃទី១៥ ខែមិថុនា មុនពេលឡើងដល់ ៧៨នាក់នៅក្នុងរបាយការណ៍ចុងក្រោយបំផុតដែលចេញផ្សាយនៅថ្ងៃទី១៨ ខែមិថុនា។
ប្រទេសហ្វីលីពីនងាយនឹងរងគ្រោះរញ្ជួយដីខ្លាំង ព្រោះវាស្ថិតនៅតាមបណ្តោយខ្សែក្រវាត់ភ្លើងប៉ាស៊ីហ្វិក ដែលជាតំបន់មួយក្នុងចំណោមតំបន់ដែលមានការរញ្ជួយដី និងភ្នំភ្លើងសកម្មបំផុតរបស់ពិភពលោក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





