ឯកឧត្តម លីវ សុផាណារិទ្ធិ អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលស្តីពី លំហាត់ត្រៀមឆ្លើយតបឧបទ្ទវហេតុតាមអ៊ីនធឺណិត
AKP ភ្នំពេញថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២៦– ឯកឧត្តម លីវ សុផាណារិទ្ធិ អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលស្តីពី លំហាត់ត្រៀមឆ្លើយតបឧបទ្ទវហេតុតាមអ៊ីនធឺណិត Cyber Incident Response Preparedness Exercises Evidence-Based “Train the Trainers”។
ឯកឧត្តម លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្តីពី លំហាត់ត្រៀមឆ្លើយតបឧបទ្ទវហេតុតាមអ៊ីនធឺណិត Cyber Incident Response Preparedness Exercises Evidence-Based “Train the Trainers” ដោយមានការចូលរួមពី លោកស្រី Stephanie Chow តំណាងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា និងក្រុមហ៊ុន KPMG ព្រមទាំងអ្នកជំនាញសន្តិសុខសាយប័រនៃ ក.ប.ទ. សរុបចំនួន ២៥នាក់ នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី រាជធានីភ្នំពេញ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ លីវ សុផាណារិទ្ធិ បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលខាងលើនេះពិតជាមានសារៈសំខាន់សម្រាប់លើកកម្ពស់សមត្ថភាពគ្រូបង្គោលក្នុងការរៀបចំ និងអនុវត្តលំហាត់ជាក់ស្ដែង (TTX) សម្រាប់ត្រៀមខ្លួនក្នុងការចែករំលែកចំណេះដឹង ជំនាញ និងបទពិសោធន៍ជូនបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការត្រៀមខ្លួនឱ្យរួចជាស្រេចក្នុងការគ្រប់គ្រងស្ថានការណ៍ និងត្រៀមលក្ខណៈឆ្លើយតបលើការកើតឡើងនៃឧប្បត្តហេតុសន្តិសុខសាយប័រ ។


វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងមានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ក្រោមកិច្ចសហការរវាង ក.ប.ទ. ជាមួយនឹងស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា ក្រោមជំនួយឧបត្ថមរបស់រដ្ឋាភិបាលអូស្ត្រាលី ដែលវគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងដើម្បីពង្រឹងសមត្ថភាពបន្ថែម និងលើកកម្ពស់ការយល់ដឹងអំពីហានិភ័យសន្តិសុខសាយប័រ ការសម្របសម្រួលរវាងស្ថាប័នពាក់ព័ន្ធ ការអនុវត្តនីតិវិធីក្នុងការឆ្លើយតបឧប្បត្តិហេតុសាយប័រ និងការគ្រប់គ្រងឧប្បត្តហេតុសន្តិសុខសាយប័រជូនគ្រូបង្គោលដែលជាមន្រ្តីជំនាញរបស់ ក.ប.ទ. ៕

ដោយ៖ ណយ នឿន (ប្រភព៖ក្រសួងប្រៃសណីយ៍)





