ប្រធានស្ថាប័នពិគ្រោះយោបល់ និងដោះស្រាយបណ្តឹងតវ៉ាសម្រាប់វិនិយោគបរទេស (FIO)
AKPភ្នំពេញថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២៦– ប្រធាន KOTRA រួចមកឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលជួបពិភាក្សាការងារជាមួយ លោក Kim Doo Sik ប្រធានស្ថាប័នពិគ្រោះយោបល់ និងដោះស្រាយបណ្តឹងតវ៉ារបស់វិនិយោគិនបរទេស (Foreign Investment Ombudsman - FIO)។
នារសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់បញ្ចប់ជំនួបពិភាក្សាការងារជាមួយ ប្រធាន KOTRA រួចមកឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលជួបពិភាក្សាការងារជាមួយ លោក Kim Doo Sik ប្រធានស្ថាប័នពិគ្រោះយោបល់ និងដោះស្រាយបណ្តឹងតវ៉ារបស់វិនិយោគិនបរទេស (Foreign Investment Ombudsman - FIO)។
អមដំណើរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងជំនួបពិភាក្សាការងារនេះ រួមមាន៖ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ, ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់មកពី ក.អ.ក. និងក្រសួងពាណិជ្ជកម្ម, ព្រមទាំងតំណាងវិស័យឯកជនពីកម្ពុជា រួមមានសមាសភាពពី សមាគមឧកញ៉ាកម្ពុជា, និងសភាពាណិជ្ជកម្មកម្ពុជា ផងដែរ។

ស្ថាប័នផ្តល់ការពិគ្រោះយោបល់ និងដោះស្រាយបណ្តឹងតវ៉ារបស់វិនិយោគិនបរទេស (FIO) គឺជាយន្តការឯករាជ្យមួយក្នុងការដោះស្រាយទុក្ខកង្វល់ និងបណ្តឹងតវ៉ា ដែលត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ក្នុងឆ្នាំ ១៩៩៩ ស្ថិតក្រោមច្បាប់ជំរុញការវិនិយោគបរទេសរបស់សាធារណរដ្ឋកូរ៉េ ប៉ុន្តែជាស្ថាប័នឯករាជ្យដោយអ្នកបម្រើការនៅក្នុងស្ថាប័ននេះមិនមែនជាមន្ត្រីរាជការនោះទេ ប៉ុន្តែជាអ្នកជំនាញអាជីពទៅតាមវិស័យនីមួយៗ។ FIO មានការទទួលខុសត្រូវលើការផ្តល់ការប្រឹក្សាយោបល់ដ៏ក្រុមហ៊ុនដែលមានបំណងបណ្ដាក់ទុនវិនិយោគ ឬបានបណ្តាក់ទុននៅក្នុងប្រទេសកូរ៉េ ដោយដោះស្រាយរាល់ការលំបាក ទុក្ខកង្វល់ និងបណ្តឹងតវ៉ានានា ដែលប្រឈមដោយវិនិយោគិនបរទេស ក្នុងគោលបំណងកែលម្អបរិយាកាសវិនិយោគ និងសម្របសម្រួលដល់ការដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនបរទេសឱ្យទទួលបានជោគជ័យ។


ប្រព័ន្ធ Ombudsman របស់សាធារណរដ្ឋកូរ៉េ ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថាជាឧត្តមានុវត្តន៍អន្តរជាតិ សម្រាប់ការផ្តល់ការគាំទ្រដល់វិនិយោគិនចាប់តាំងពីដំណាក់កាលដំបូង និងការថែទាំវិនិយោគិន។ ប្រព័ន្ធនេះត្រូវបានទទួលស្គាល់ដោយអង្គការអន្តរជាតិនានា ដូចជា អង្គការ OECD, ធនាគារពិភពលោក (World Bank) និងសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) ចំពោះប្រសិទ្ធភាពខ្ពស់ក្នុងការលើកកម្ពស់ទំនុកចិត្តរបស់វិនិយោគិន។ បណ្តាប្រទេសជាច្រើន បានសិក្សា និងដកស្រង់ពិសោធន៍តាមគំរូនេះ នៅក្នុងការបង្កើតយន្តការផ្តល់ការពិគ្រោះយោបល់ និងដោះស្រាយបណ្តឹងតវ៉ារបស់វិនិយោគិន នៅក្នុងប្រទេសរបស់ខ្លួន។
ក្នុងកិច្ចពិភាក្សាការងារនេះ លោកប្រធាន FIO បានលើកឡើងពីប្រព័ន្ធ "Home Doctor " ដែលជាយន្តការដ៏ជោគជ័យរបស់កូរ៉េ ក្នុងការចាត់តាំងអ្នកជំនាញទទួលបន្ទុកដោយផ្ទាល់លើករណីនីមួយៗ ដើម្បីពិនិត្យបញ្ហាប្រឈម និងសម្របសម្រួលស្វែងរកដំណោះស្រាយជូនវិនិយោគិនបរទេសអោយបានទាន់ពេលវេលា។ ក្នុងឱកាសនេះ លោកប្រធានក៏បានបង្ហាញពីការគាំទ្រក្នុងការចូលរួមផ្តល់ជំនួយបច្ចេកទេសក្នុងការរៀបចំប្រព័ន្ធដែលមានលក្ខណ:ស្រដៀងគ្នានេះដល់កម្ពុជាផងដែរ។

ឆ្លើយតបនឹងការផ្តល់តម្លៃ និងយកចិត្តទុកដាក់ខ្ពស់លើការវិនិយោគពីបរទេស ក៏ដូចជាពីប្រទេសកូរ៉េផ្ទាល់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបបន្ថែមថា ក.អ.ក. បានរៀបចំឱ្យមានច្រក "Korea Desk" ដើម្បីផ្តល់សេវាពិគ្រោះប្រឹក្សា និងផ្តល់នូវព័ត៌មានពាក់ព័ន្ធជូនដល់វិនិយោគិនកូរ៉េ។ ជាមួយគ្នានោះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវយន្តការដែលផ្តល់ឱកាសឱ្យមានការសន្ទនាត្រង់ទៅត្រង់មក រវាងផ្នែករដ្ឋ និងវិស័យឯកជន រួមមានជាអាទិ៍៖ វេទិការដ្ឋាភិបាល-ផ្នែកឯកជន (G-PSF), កិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជន (PPSD), និងកម្មវិធីទទួលទានអាហារពេលព្រឹកធុរកិច្ច (P-PS Breakfast Briefing) ដែលស្ថាប័នរដ្ឋបានសហការយ៉ាងជិតស្និទ្ធជាមួយសភាពាណិជ្ជកម្មអន្តរជាតិនានា ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការការពារ និងបង្កលក្ខណៈងាយស្រួលជូនដល់វិនិយោគិនបរទេស៕ ដោយ៖ ចរិយា ប្រភព៖ CDC





