វេទិកាហេដ្ឋារចនាសម្ព័ន្ធអាស៊ី ឆ្នាំ២០២៦ ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាពនៅអាស៊ី
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ -- វេទិកាហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIF) ឆ្នាំ២០២៦ ដែលមានប្រធានបទ «សកម្មភាពដិតដល់សម្រាប់អាស៊ីប្រកបដោយចីរភាព» បានធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ Suntec របស់ប្រទេសសិង្ហបុរី នៅថ្ងៃទី១៦-១៧ ខែមិថុនា ដោយទាក់ទាញអ្នកតំណាងជាង ៨០០នាក់មកពីរដ្ឋាភិបាល អ្នកវិនិយោគ អ្នកអភិវឌ្ឍន៍គម្រោង និងអ្នកផ្តល់ដំណោះស្រាយនៅទូទាំងទ្វីប។
វេទិកានេះ ដែលឥឡូវនេះជាឆ្នាំទីប្រាំរបស់ខ្លួន បានផ្តោតទៅលើដំណោះស្រាយដើម្បីជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព និងបង្រួមគម្លាតវិនិយោគហេដ្ឋារចនាសម្ព័ន្ធរបស់អាស៊ី។
វេទិកា AIF ឆ្នាំ២០២៦ ត្រូវបានធ្វើឡើងក្នុងចំណោមការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយសំខាន់ៗ ការទទួលយកបច្ចេកវិទ្យាកាន់តែកើនឡើង កិច្ចខិតខំប្រឹងប្រែងផ្លាស់ប្តូរថាមពល គោលដៅអព្យាក្រឹតភាពកាបូន និងភាពប្រែប្រួលនៅក្នុងទីផ្សារហិរញ្ញវត្ថុសកលលោក។ កត្តាទាំងនេះកំពុងជំរុញឱ្យរដ្ឋាភិបាល និងវិនិយោគិនគិតឡើងវិញអំពីរបៀបដែលគម្រោងហេដ្ឋារចនាសម្ព័ន្ធត្រូវបានផ្តល់ហិរញ្ញប្បទាន អភិវឌ្ឍន៍ និងដំណើរការ។
នៅក្នុងពិធីបើកវេទិកា លោកស្រី អ៊ីនដ្រានី រ៉ាចាហ៍ រដ្ឋមន្ត្រីទទួលបន្ទុកការិយាល័យនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទីពីរទទួលបន្ទុកហិរញ្ញវត្ថុ និងអភិវឌ្ឍន៍ជាតិរបស់ប្រទេសសិង្ហបុរី បានសង្កត់ធ្ងន់ទៅលើតម្រូវការសម្រាប់ការវិនិយោគបន្តលើហេដ្ឋារចនាសម្ព័ន្ធធន់នឹងអាកាសធាតុ ដើម្បីពង្រឹងភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច និងគាំទ្រដល់ការអភិវឌ្ឍសង្គម។ លោកស្រីក៏បានបញ្ជាក់ពីសារៈសំខាន់នៃភាពជាដៃគូរវាងរដ្ឋ និងឯកជនក្នុងការផ្តល់គម្រោងទ្រង់ទ្រាយធំ និងបានបញ្ជាក់សារជាថ្មីនូវតួនាទីរបស់ប្រទេសសិង្ហបុរីជាមជ្ឈមណ្ឌលតំបន់សម្រាប់ការអភិវឌ្ឍហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធ។
ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍នេះ ហេដ្ឋារចនាសម្ព័ន្ធអាស៊ីបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាចំនួនបួន និងបានបង្ហាញឱកាសវិនិយោគដែលមានតម្លៃជាង ១៦ពាន់លានដុល្លារអាម៉េរិកនៅទូទាំងតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍។
ការវិវឌ្ឍគួរឱ្យកត់សម្គាល់មួយ គឺការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រុមប្រឹក្សាភិបាលគ្រប់គ្រងផ្លូវដែកទីក្រុងហាណូយ និងសហគ្រាសសិង្ហបុរី ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងការដឹកជញ្ជូនក្នុងទីក្រុង។ ហេដ្ឋារចនាសម្ព័ន្ធអាស៊ីត្រូវបានគេរំពឹងថានឹងគាំទ្រភាពជាដៃគូតាមរយៈការអភិវឌ្ឍគម្រោង សេវាប្រឹក្សាយោបល់បច្ចេកទេស និងការកសាងសមត្ថភាព៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





