អាស៊ាន និងរុស្ស៊ី លើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចយ៉ាងទូលំទូលាយ
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ -- ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាក់ថា រុស្ស៊ី និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការក្នុងរយៈពេល ៣៥ឆ្នាំកន្លងមកនេះ ហើយនៅតែរក្សាសក្តានុពលយ៉ាងច្រើនក្នុងការពង្រីកទំនាក់ទំនងនៅក្នុងឆ្នាំខាងមុខ។
នៅក្នុងសារមួយដែលបានផ្ញើទៅកាន់វេទិកាធុរកិច្ចអាស៊ាន-រុស្ស៊ី ដែលបានធ្វើឡើងនៅទីក្រុងកាហ្សាន់ នៅខាងក្រៅកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-រុស្ស៊ី លោក ពូទីន បាននិយាយថា ភាគីទាំងពីរបានប្រមូលបទពិសោធន៍យ៉ាងច្រើនក្នុងកិច្ចសហប្រតិបត្តិការពហុវិស័យ បានបង្កើតភាពជាដៃគូដ៏រឹងមាំ និងបានដាក់គ្រឹះដ៏រឹងមាំសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត។
យោងតាមការិយាល័យប្រតិបត្តិប្រធានាធិបតីរុស្ស៊ី បានឱ្យដឹងថា មេដឹកនាំរូបនេះបានកត់សម្គាល់ថា ភាគីទាំងពីរមានទស្សនវិស័យទូលំទូលាយសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យនានា រួមទាំងវិស័យថាមពល និងសន្តិសុខស្បៀងអាហារ ការផ្លាស់ប្តូរបច្ចេកវិទ្យាទំនើប និងកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដោយសន្តិវិធី ក៏ដូចជាក្នុងការដឹកជញ្ជូន និងភស្តុភារ។ លោកក៏បានកត់សម្គាល់ផងដែរថា ដៃគូរបស់ពួកគេនៅក្នុងអង្គការសហប្រតិបត្តិការសៀងហៃ សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី និងសមាគមផ្សេងទៀត ដែលតំណាងរបស់ពួកគេកំពុងចូលរួមក្នុងវេទិកានេះ កំពុងចូលរួមយ៉ាងសកម្មក្នុងវិស័យសហប្រតិបត្តិការទាំងនេះ។
សារនោះបានបន្តថា «ខ្ញុំមានទំនុកចិត្តថា លទ្ធផលនៃកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន នឹងបង្កើតឱកាសថ្មីៗសម្រាប់ពង្រីកពាណិជ្ជកម្ម វិនិយោគ និងកិច្ចសហប្រតិបត្តិការឧស្សាហកម្មដែលមានផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងពង្រឹងកិច្ចសន្ទនាដោយផ្ទាល់រវាងសហគមន៍អាជីវកម្មរបស់យើង។ កិច្ចខិតខំប្រឹងប្រែងទាំងនេះនឹងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសយើង»។
បន្ថែមពីលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច របៀបវារៈនៃកិច្ចប្រជុំកំពូលក៏រួមបញ្ចូលទាំងការផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងសកលលោកផងដែរ។ ភាគីដែលចូលរួមត្រូវបានគេរំពឹងថានឹងបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការកសាងសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូលដ៏យុត្តិធម៌ និងប្រជាធិបតេយ្យ ដោយផ្អែកលើគោលការណ៍នៃច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





