ចិន និងសហភាពអឺរ៉ុប រក្សាការទំនាក់ទំនងគ្នាយ៉ាងរលូនលើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ -- ក្រសួងពាណិជ្ជកម្មចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិន និងសហភាពអឺរ៉ុប (EU) បានរក្សាការទំនាក់ទំនងយ៉ាងរលូនលើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
អ្នកនាំពាក្យក្រសួង លោក ហេ យ៉ាដុង (He Yadong) បានធ្វើការកត់សម្គាល់នេះ ដើម្បីឆ្លើយតបទៅនឹងការសាកសួររបស់ប្រព័ន្ធផ្សព្វផ្សាយអំពីវឌ្ឍនភាពចុងក្រោយបំផុតនៅក្នុងការចរចាសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-សហភាពអឺរ៉ុប។
លោកបានលើកឡើងអំពីការចរចាថ្មីៗនៅទីក្រុងព្រុចសែលរវាង លោក លីង ជី (Ling Ji) អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានតំណាងពាណិជ្ជកម្មអន្តរជាតិចិន និងលោក ឌីតតេ ជួល ជ័រជេនសេន (Ditte Juul Jorgensen) អគ្គនាយកពាណិជ្ជកម្ម និងសន្តិសុខសេដ្ឋកិច្ចនៅគណៈកម្មការអឺរ៉ុប ថាមាន «ភាពស៊ីជម្រៅ និងទូលំទូលាយ» ហើយបានជួយដាក់មូលដ្ឋានគ្រឹះសម្រាប់ការពិគ្រោះយោបល់ថ្នាក់រដ្ឋមន្ត្រីដែលនឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ។
អ្នកនាំពាក្យរូបនេះបាននិយាយថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយសហភាពអឺរ៉ុប ដើម្បីអនុវត្តន៍ការឯកភាពគ្នាដែលសម្រេចបានដោយមេដឹកនាំនៃភាគីទាំងពីរ គ្រប់គ្រងជម្លោះតាមរយៈការសន្ទនា និងការពិគ្រោះយោបល់ ដោះស្រាយឱ្យបានត្រឹមត្រូវ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីជំរុញការអភិវឌ្ឍដ៏រឹងមាំ និងស្ថិរភាពនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





