វៀតណាមនឹងបន្ថែមអាកាសយានដ្ឋានថ្មីចំនួន ៧ទីតាំងនៅត្រឹមឆ្នាំ២០៣០
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ -- ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍កាលពីថ្ងៃអង្គារថា ប្រទេសវៀតណាមមានគម្រោងដាក់ឱ្យដំណើរការអាកាសយានដ្ឋានថ្មីចំនួន ៧ទីតាំងនៅឆ្នាំ២០៣០ ដើម្បីពង្រីកបណ្តាញអាកាសចរណ៍របស់ប្រទេស និងបំពេញតម្រូវការធ្វើដំណើរដែលកំពុងកើនឡើង។
របាយការណ៍នេះបាននិយាយថា អាកាសយានដ្ឋានទាំងនេះរួមមានអាកាសយានដ្ឋានសំខាន់ៗចំនួន ២គឺ អាកាសយានដ្ឋានអន្តរជាតិឡុងថាញ់ នៅភាគខាងត្បូងទីក្រុងដុងណៃ និងអាកាសយានដ្ឋានអន្តរជាតិយ៉ាប៊ិញ នៅភាគខាងជើងខេត្តបាក់និញ។
អាកាសយានដ្ឋានចំនួន ៥ទីតាំងផ្សេងទៀតគឺ អាកាសយានដ្ឋានក្វាងទ្រី នៅកណ្តាលខេត្តក្វាងទ្រី អាកាសយានដ្ឋានផានធៀត នៅកណ្តាលខេត្តឡាំដុង អាកាសយានដ្ឋានសាប៉ា នៅភាគខាងជើងខេត្តឡាវកៃ អាកាសយានដ្ឋានថូជូ នៅខេត្តអានយ៉ាងនៃតំបន់ដីសណ្ដទន្លេមេគង្គ និងអាកាសយានដ្ឋានថាញ់សឺន នៅកណ្តាលខេត្តខាញហ័រ។
យោងតាមរបាយការណ៍មួយពីក្រសួងសំណង់ បានឱ្យដឹងថា នៅចុងទសវត្សរ៍នេះ ប្រទេសវៀតណាមមានគោលបំណងដាក់ឱ្យដំណើរការអាកាសយានដ្ឋានចំនួន ៣២ទីតាំង រួមទាំងច្រកទ្វារអន្តរជាតិចំនួន ១៥ទីតាំង និងច្រកទ្វារក្នុងស្រុកចំនួន ១៧ទីតាំង ដែលមានសមត្ថភាពសរុបរហូតដល់ ២២០លាននាក់ជារៀងរាល់ឆ្នាំ។
ការវិនិយោគសរុបលើការអភិវឌ្ឍអាកាសយានដ្ឋានក្នុងអំឡុងឆ្នាំ ២០២១-២០៣០ ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៤៨៥ទ្រីលានដុងវៀតណាម (ប្រហែល ១៩,៣ប៊ីលានដុល្លារអាម៉េរិក) ដែលក្នុងនោះប្រហែល ៥៥% ត្រូវបានគេរំពឹងថានឹងបានមកពីមូលនិធិរបស់រដ្ឋ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





