ក្រសួងបរិស្ថាន និងអង្គការ Fauna&Flora រួមគ្នាដាំកូនឈើចំនួន១២០០ដើមនៅសហគមន៍តំបន់ការពារធម្មជាតិអូរទុង ឧទ្យានជាតិវីរៈជ័យ
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦--ក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តរតនគិរី អង្គការសត្វព្រៃ និងរុក្ខជាតិ Fauna&Flora រដ្ឋបាលស្រុកវើនសៃ រដ្ឋបាលឃុំកុកឡាក់ និងសហគមន៍តំបន់ការពារធម្មជាតិ អូរទុង សរុបចំនួន ៤៩ នាក់ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ បានរួមគ្នាដាំកូនឈើបេង ចំនួន ១ ០៥០ដើម សំរ៉ង ៨០ដើម ព្រីង ៥០ដើម និងខ្នុរ ២០ដើម សរុបចំនួន ១ ២០០ដើម លើផ្ទៃដី ១,៧១ហិកតា ក្នុងដី សហគមន៍តំបន់ការពារធម្មជាតិអូរទុង នៃឧទ្យានជាតិវីរៈជ័យ។

សកម្មភាពដាំកូនឈើនេះ ធ្វើឡើងក្នុងគោលបំណងបង្កើនគម្របព្រៃឈើក្នុងតំបន់ការពារធម្មជាតិ រួមចំណែកដល់ការអភិរក្ស និងស្តារប្រភេទឈើដែលជិតផុតពូជ ព្រមទាំងរួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅ និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ផងដែរ។ សកម្មភាពនេះក៏ឆ្លើយតបទៅនឹងគោលនយោបាយ «យុទ្ធសាស្ត្របញ្ចកោណ» របស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្ដោតលើការកើនឡើងនៃគម្របព្រៃឈើឱ្យបាន ៦០ភាគរយ នៅឆ្នាំ២០៥០ និងការបេ្តជ្ញាចិត្តរបស់កម្ពុជាជាមួយសកលលោកក្នុងការអភិរក្ស និងការពារធនធានជីវៈចម្រុះ។

ក្រោយការដាំស្តារនេះ សហគមន៍ និងមន្រ្តីឧទ្យានុរក្ស នឹងការពារ ថែទាំ តាមដានត្រួតពិនិត្យ ដើម្បីធានាអត្រារស់ឱ្បបានខ្ពស់នូវកូនឈើដែលបានដាំទាំងនោះ។ ការដាំស្តារកូនឈើនេះ ត្រូវបានគាំទ្រផ្តល់ថវិកាដោយមូលនិធិ Franklinia ៕

ដោយ ណយ នឿន (ប្រភព៖Fauna&Flora)





