អង្គការទស្សនៈពិភពលោក (World Vision) ចែកកញ្ចប់សម្ភារៈអនាម័យសម្រាប់ស្ត្រី និងកុមារ ចំនួន១០០កញ្ចប់ ជូនពលរដ្ឋនៅជំរំភៀសសឹកវត្តបាត់ថ្កៅ
AKP ឧត្តរមានជ័យ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦--លោកស្រី ហេង សុជាតិ អភិបាលរងក្រុងសំរោង នៅថ្ងៃព្រហស្បតិ៍ទី១៨ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងកម្មវិធីចែកកញ្ចប់សម្ភារៈអនាម័យសម្រាប់ស្ត្រី និងកុមារ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅក្នុងជំរំភៀសសឹកវត្តបាត់ថ្កៅ នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ។ កម្មវិធីមនុស្សធម៌ដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងដោយ អង្គការទស្សនៈពិភពលោក (World Vision) ដោយមានការសហការយ៉ាងជិតស្និទ្ធជាមួយ គណៈកម្មាធិការស្ត្រី នៃសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា (AmCham) ព្រមទាំងមានការអញ្ជើញចូលរួមផ្ទាល់ពី កញ្ញា គុយ អេនណា តំណាងសភាពាណិជ្ជកម្មអាមេរិក, អាជ្ញាធរមូលដ្ឋាន និងក្រុមការងារពាក់ព័ន្ធជាច្រើនរូប។

កញ្ញា គុយ អេនណា បានថ្លែងថា កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងចូលរួមគាំទ្រ និងលើកកម្ពស់ផ្នែកសុខភាពអនាម័យខ្លួនប្រាណរបស់ស្ត្រី និងកុមារ ដែលកំពុងជួបការលំបាកក្នុងជំរំ ដើម្បីបង្ការ និងទប់ស្កាត់រាល់ជំងឺដង្កាត់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុក្នុងរដូវវស្សានេះ។ ការផ្តល់កញ្ចប់សម្ភារៈអនាម័យចាំបាច់ទាំង ១០០កញ្ចប់នេះ គឺជាការឆ្លើយតបយ៉ាងទាន់ពេលវេលា ស្របតាមគោលការណ៍មនុស្សធម៌ និងការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះក្រុមប្រជាពលរដ្ឋងាយរងគ្រោះ ជួយសម្រាលបន្ទុកខ្វះខាតរបស់ពួកគាត់បានមួយកម្រិតធំ។

លោកស្រី ហេង សុជាតិ មានប្រសាសន៍ថា ការគិតគូរពីសុខភាព អនាម័យ និងសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះ ជាពិសេសស្ត្រី និងកុមារតូចៗដែលកំពុងស្នាក់នៅតាមជំរំភៀសសឹក។ លោកស្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អង្គការទស្សនៈពិភពលោក និងគណៈកម្មាធិការស្ត្រីនៃសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា ដែលបានមើលឃើញពីទុក្ខលំបាក និងបាននាំយកជំនួយឧបត្ថម្ភចំគោលដៅ មកកាន់ភូមិសាស្ត្រក្រុងសំរោងនាពេលនេះ។

លោកស្រីបានថ្លែងបន្តថា ក្នុងនាមឲ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងជំរំភៀសសឹកវត្តបាត់ថ្កៅ ពិសេសបងប្អូនស្ត្រី បានសម្តែងនូវក្តីរំភើបរីករាយ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះថ្នាក់ដឹកនាំខេត្ត ក្រុង និងអង្គការដៃគូទាំងអស់ ដែលមិនដែលបោះបង់ពួកគាត់ចោល និងតែងតែនាំយកសម្ភារៈប្រើប្រាស់ចាំបាច់មកផ្គត់ផ្គង់ ផ្តល់ភាពកក់ក្តៅដល់ផ្ទះជានិច្ច ៕

ដោយ ទិត ស្រ៊





