បទយកការណ៍៖ ព្រៃលំហែកម្សាន្ត និងសួនអាស៊ាន–កូរ៉េ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីស្វាគមន៍ភ្ញៀវទេសចរ
AKP សៀមរាប ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦--នៅពេលដែលយើងនឹកឃើញដល់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប មនុស្សភាគច្រើនតែងតែនឹកឃើញដល់ប្រាសាទបុរាណដ៏ល្បីល្បាញ និងស្កឹមស្កៃរបស់បុព្វបុរសខ្មែរយើង។ ប៉ុន្តែ នៅពេលដែលភ្ញៀវទេសចរធ្វើដំណើរទៅទិសខាងជើង នៃតំបន់បេតិកភណ្ឌរមណីយដ្ឋានអង្គរ ភ្ញៀវទេសចរទាំងអស់ នឹងបានជួបតំបន់ធម្មជាតិ ដ៏បរិសុទ្ធមួយកន្លែង ដែលកំពុងលាក់ខ្លួនយ៉ាងស្រស់បំព្រង ដែលកន្លែងនោះគឺ ព្រៃលំហែកម្សាន្ត និងសួនអាស៊ាន–កូរ៉េ ស្ថិតនៅភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប មានចម្ងាយប្រមាណ ៦០គីឡូម៉ែត្រ ពីក្រុងសៀមរាប និងបានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍ភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរសុខុមាលភាព។

អ្នកគ្រប់គ្រង ព្រៃលំហែកម្សាន្ត និងសួនអាស៊ាន-កូរ៉េ បានឱ្យដឹងថា ការរៀបចំកន្លែងកម្សាន្ដបែបធម្មជាតិនៅទីនេះគឺក្នុងគោលដៅចូលរួមថែរក្សា អភិរក្សជីវៈចម្រុះ លើកកម្ពស់បរិស្ថាន និងធនធានធម្មជាតិ ដើម្បីផ្ដល់ជូនដល់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិមកកម្សាន្ដសប្បាយក្នុងតំបន់ធម្មជាតិ ជាពិសេសការចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយនិរន្ដរភាព នៅក្នុងខេត្ដសៀមរាប។

លោក សេង លន អ្នកគ្រប់គ្រងការងារទូទៅ ព្រៃលំហែកម្សាន្ត និងសួនអាស៊ាន-កូរ៉េ បានបញ្ជាក់ថា ភ្ញៀវទេសចរដែលមកសម្រាកលំហែកាយនៅព្រៃលំហែកម្សាន្ត និងសួនអាស៊ាន–កូរ៉េ គឺអាចដើរលំហែកាយកាត់ព្រៃធម្មជាតិ សួនផ្កាចម្រុះពណ៌ និងរុក្ខជាតិលម្អដ៏ស្រស់ស្អាតតំបន់ស្មៅលម្អ និងសួនទេសភាពបែបធម្មជាតិ ស្រះទឹក និងស្ពានឈើ សម្រាប់ថតរូបអនុស្សាវរីយ៍បរិយាកាសស្ងប់ស្ងាត់ ស័ក្តិសមសម្រាប់ការសម្រាកបន្ធូរអារម្មណ៍ និងសិក្សាឈ្វេងយល់ពីធនធានធម្មជាតិ នៅក្នុងព្រៃចម្កាពូជឈើគ្រញូង។ លោកបានបន្ដថា នៅក្នុងព្រៃលំហែកម្សាន្ត និងសួនអាស៊ាន–កូរ៉េ នៃព្រៃចម្ការពូជឈើគ្រញូង ក៏មានបណ្តាសត្វព្រៃជាច្រើនប្រភេទកំពុងរស់នៅ ដូចជាជ្រូកព្រៃ ឈ្លូស ប្រើស ទន្សោង សំពោចក្រអូប ដែលជាប្រភេទសត្វកម្រ និងសត្វស្វាចំនួន៣ប្រភេទទៀត ជាពិសេសស្វាព្រាម ជាប្រភេទសត្វកម្រកំពុងរស់នៅក្នុងព្រៃលំហែកម្សាន្ដនោះដែរ។ ចំណែក សត្វស្លាបក៏មានមិនតិចជាង១៦៨ប្រភេទ នោះទេ ដែលពួកវាយកព្រៃចម្ការពូជឈើគ្រញូង ធ្វើជាអាណាចក្រដ៏សុខសាន្តរបស់ពួកគេ។ លោក សេង លន បានលើកឡើងទៀតថា ក្រៅពីភាពស្រស់ស្អាតនៃធម្មជាតិ តំបន់នេះ ក៏ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការអភិរក្សជីវចម្រុះលើកកម្ពស់ការអប់រំបរិស្ថាន និងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិប្រកបដោយចីរភាពនៅកម្ពុជាផងដែរ។ លោកបានអះអាងថា៖ «ដូចនេះ ភ្ញៀវទេសចរដែលមកសម្រាកលំហែនៅទីនេះ និងទទួលបានអារម្មណ៍ស្រស់ថ្លាជាមួយនឹងធម្មជាតិយ៉ាងពិតប្រាកដ»។

បើតាមលោក សេង លន គោលបំណងសំខាន់នៃការបង្កើតព្រៃលំហែកម្សាន្ត និងសួនអាស៊ាន–កូរ៉េ នេះ គឺទី១ ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ និងភ្ញៀវទេសចរ តាមរយៈការព្យាបាលតាមបែបធម្មជាតិ ដោយមាន កន្លែងធ្វើសមាធិមានភាពស្ងប់ស្ងាត់ល្អ ការដើរព្រៃស្តាប់តន្រ្តីសំឡេងសត្វកងរំពង និងអាចមើលសត្វ នៅក្នុងកន្លែងនោះផងដែរ។ ទី២ គឺការអភិរក្ស និងការសិក្សាស្រាវជ្រាវពីធនធានធម្មជាតិ ខណៈកន្លែងនេះក៏ជាចំណុចកណ្តាលមួយសម្រាប់ភ្ញៀវទេសចរសម្រាកលំហែរួចហើយ អាចធ្វើដំណើរបន្តទៅកម្សាន្តនៅ តំបន់ទេសចរណ៍ធម្មជាតិជាច្រើនទៀត ដូចជាទៅចង្ក្រាន្តរយ ទៅកាន់ប្រាសាទកោះកេរ៍ ប្រាសាទបេងមាលា ជាដើម។ លោក សេង លន បានសង្កត់ធ្ងន់ថា៖ «នៅទីនេះក៏មានកន្លែងស្នាក់នៅ ដ៏ស្រស់ស្អាត មានភាពស្ងៀមស្ងាត់ និងមានផាសុកភាព ដែលអាចនិយាយបានថា ព្រៃលំហែកម្សាន្ត និងសួនអាស៊ាន-កូរ៉េ គឺតំបន់ទេសចរណ៍ព្យាបាលផ្លូវអារម្មណ៍តាមបែបធម្មជាតិយ៉ាងមានប្រសិទ្ធភាព»។

លោក សេង លន អ្នកគ្រប់គ្រងការងារទូទៅ ព្រៃលំហែកម្សាន្ត និងសួនអាស៊ាន-កូរ៉េ បានគូសបញ្ជាក់ថាសម្រាប់ភ្ញៀវទេសចរដែលមានមកកម្សាន្តនៅខេត្តសៀមរាប កុំភ្លេចមកសម្រាកលំហែនៅទីនេះ ហើយភ្ញៀវទេសចរ នឹងទទួលបានបទពិសោធន៍ថ្មីៗជាពិសេសនៅក្នុងអំឡុងខែកក្កដាខាងមុខនេះ ដែលមានរុក្ខជាតិផ្កាព្រៃជាច្រើនប្រភេទ រីកស្គុះស្គាយ ជាពិសេសផ្កាចាហួយ និងរីកពេញព្រៃពេលបានទស្សនាដោយផ្ទាល់និងមានអារម្មណ៍ស្រស់ថ្លាជាក់ជាមិនខាន។

សូមបញ្ជាក់ថា ព្រៃលំហែកម្សាន្ត និងសួនអាស៊ាន-កូរ៉េ ជាគំនិតផ្ដួចផ្តើមបង្កើតឡើងដោយរដ្ឋបាលព្រៃឈើ បច្ចុប្បន្ន ប្តូរឈ្មោះមកជា "អគ្គនាយកដ្ឋានព្រៃឈើ និងសត្វព្រៃ" ក្រោមជំនួយឧត្ថម្ភរបស់ស្ថាប័នសេវាកម្មព្រៃឈើកូរ៉េ(KFS)និងអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី(AFoCo)ក្នុងគោលបំណងសំខាន់ៗ លើកកម្ពស់សេវាកម្មទេសចរណ៍ និងព្រៃលំហែកម្សាន្តធម្មជាតិក្នុងប្រទេសកម្ពុជា។ សួនកម្សាន្ដនេះ ក៏ចូលរួមលើកកម្ពស់សុខុមាលភាពរបស់មនុស្ស ការអភិរក្ស និងការពារប្រភេទដើមឈើ និងរុក្ខជាតិដែលរងការគំរាមគំហែង។ ទន្ទឹមនេះ លើកកម្ពស់កម្មវិធីអប់រំ និងការយល់ដឹងស្តីពីការស្តារព្រៃឈើឡើងវិញ ការអភិរក្សជីវចម្រុះ និងការចែករំលែកចំណេះដឹងក្នុងតំបន់។ ចំពោះព្រៃលំហែកម្សាន្ត និងសួនអាស៊ាន-កូរ៉េនេះ បានបើកឱ្យដំណើរការកាលពីខែកុម្ភៈ ឆ្នាំ២០២៦៕
ដោយ៖ ឃុត សៅ





