រដ្ឋបាលខេត្តឧត្តរមានជ័យបើកកិច្ចប្រជុំពិភាក្សាលើគម្រោងជំនួយគាំទ្ររបស់អង្គការអន្តរជាតិទេសន្តរប្រវេសន៍(IOM)
AKP ឧត្តរមានជ័យ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦--លោក គង់ កន្នារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តឧត្តរមានជ័យ នាថ្ងៃព្រហស្បតិ៍ទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះបានដឹកនាំកិច្ចប្រជុំពិភាក្សាលើគម្រោងជំនួយគាំទ្ររបស់អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) មកដល់រដ្ឋបាលខេត្តឧត្តរមានជ័យ ។កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីសំណាក់ តំណាងអង្គការ IOM ប្រចាំកម្ពុជា, ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ព្រមទាំងអាជ្ញាធរក្រុង-ស្រុក និងមន្ត្រីជំនាញជាច្រើនរូបទៀត នៅសាលប្រជុំសាលាខេត្តឧត្តរមានជ័យ។

លោក គង់ កន្នារិទ្ធ មានប្រសាសន៍ថា ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិ គឺជាយន្តការដ៏មានសារៈសំខាន់ក្នុងការកៀរគរការគាំទ្រ និងធនធាននានា ដើម្បីបម្រើឱ្យការងារមនុស្សធម៌ គ្រប់គ្រងទេសន្តរប្រវេសន៍ និងការអភិវឌ្ឍន៍សហគមន៍ឱ្យមានភាពរឹងមាំ ពិសេសនៅក្នុងភូមិសាស្ត្រជាប់ព្រំដែន ។ លោកក៏បានធ្វើការពិភាក្សា ផ្លាស់ប្តូរមតិ និងពិនិត្យយ៉ាងលម្អិតលើផែនការសកម្មភាព និងកញ្ចប់គម្រោងគាំទ្រនានារបស់អង្គការ IOM ដែលគ្រោងនឹងពង្រាយ និងអនុវត្តនៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ សំដៅធានាឱ្យចំគោលដៅ និងតម្រូវការជាក់ស្តែងនៅមូលដ្ឋាន។

លោកមានប្រសាសន៍បន្តថា គម្រោងនេះផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការសម្របសម្រួល បង្កើនសមត្ថភាព និងការការពារសិទ្ធិ សុខុមាលភាព ព្រមទាំងសុវត្ថិភាពរបស់បងប្អូនភៀសសឹក ដែលវិលត្រឡប់មកលំនៅដ្ឋាន ក៏ដូចជាការដោះស្រាយបញ្ហាប្រឈមផ្សេងៗតាមបន្ទាត់ព្រំដែន។

លោកអភិបាលរងខេត្តបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងត្រៀមខ្លួនសហការយ៉ាងពេញលេញក្នុងការសម្របសម្រួលការងារបច្ចេកទេស ដើម្បីឱ្យគម្រោងជួយសង្គ្រោះ និងអភិវឌ្ឍន៍របស់អង្គការ IOM នេះ ដំណើរការទៅដោយរលូន និងទទួលបានផ្លែផ្កាខ្ពស់បំផុត សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងខេត្តទាំងមូល និង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អង្គការ IOM ដែលជានិច្ចកាលតែងតែជាដៃគូអភិវឌ្ឍន៍ដ៏ល្អ ក្នុងការជួយជ្រោមជ្រែងដល់ការងាររដ្ឋបាលខេត្ត ក្រុង ស្រុក និងមនុស្សធម៌នៅថ្នាក់ក្រោមជាតិ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

ដោយ ទិត ស្រ៊





