បណ្ដាញ ALISEA នឹងរៀបចំកម្មវិធីទិវាជំនួបអ្នកប្រើប្រាស់រយៈពេល២ថ្ងៃនៅសួនទន្លេវ៉ៃគោ ទីរួមខេត្តស្វាយរៀង
AKP ស្វាយរៀង ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦-- តាមការគ្រោងទុក បណ្តាញកសិអេកូឡូស៊ី ហៅកាត់ បណ្តាញ ALISEA នឹងរៀបចំកម្មវិធីទិវាជំនួបអ្នកប្រើប្រាស់ ក្រោមប្រធានបទ៖ «ពង្រឹងការយល់ដឹងរបស់អ្នកប្រើប្រាស់អំពីកសិផលសុវត្ថិភាព ដែលផលិតតាមការអនុវត្តកសិអេកូឡូស៊ី» រយៈពេល២ថ្ងៃ គឺថ្ងៃទី១៩ និងទី២០ ខែមិថុនា ឆ្នាំ២០២៦ នៅសួនទន្លេវ៉ៃគោ (ទំនប់តាណេង ច្រាំងតាបុល) ទីរួមខេត្តស្វាយរៀង។

បណ្តាញ ALISEA បានឱ្យដឹងថា កម្មវិធីនេះនឹងរួមបញ្ចូលទាំង ពិព័រណ៌ទីផ្សារសម្រាប់ផ្សព្វផ្សាយ និងដាក់តាំងបង្ហាញផលិតផល និងកសិផលសុវត្ថិភាព វេទិកាសិក្សារៀនសូត្រ និងចែករំលែកបទពិសោធន៍ ដើម្បីផ្សព្វផ្សាយចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធ រួមទាំងទស្សនកិច្ចសិក្សានៅទីតាំងផលិត ដែលអនុវត្តបានល្អផងដែរ ដោយការផ្តួចផ្តើមនៃកម្មវិធីនេះ មានគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកផលិត និងអ្នកប្រើប្រាស់ ព្រមទាំងពង្រឹងការយល់ដឹងអំពីភាពខុសគ្នានៃផលិតផល ឬកសិផលសុវត្ថិភាពដែលផលិតតាមការអនុវត្តកសិអេកូឡូស៊ី។ ចំពោះគោលបំណងនៃទិវាជំនួបអ្នកប្រើប្រាស់នេះ រួមមាន៖ លើកកម្ពស់ការយល់ដឹងរបស់សាធារណជនឱ្យស្គាល់ និងយល់ពីប្រភេទផ្សេងៗនៃផលិតផល ឬកសិផល សុវត្ថិភាពដែលផលិតតាមការអនុវត្តកសិអេកូឡូស៊ី។

ជំរុញការប្រើប្រាស់ និងបង្កើនតម្លៃផលិតផលកសិអេកូឡូស៊ីក្នុងចំណោមអ្នកប្រើប្រាស់។ ពង្រឹងទំនាក់ទំនង និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកប្រើប្រាស់ និងអ្នកផលិត។ ផ្តល់វេទិកាដល់សមាជិកសម្រាប់បង្ហាញការអនុវត្តល្អៗ និងនវានុវត្តន៍ក្នុងវិស័យកសិអេកូឡូស៊ី ដោយរំពឹងថា នឹងមានអ្នកចូលរួមសរុបប្រមាណ ២០០នាក់ ដែលរួមមាន អ្នកប្រើប្រាស់ សិស្ស-និស្សិត អ្នកសារព័ត៌មាន និងអាជ្ញាធរមូលដ្ឋាន។

បណ្តាញ ALISEA បានឱ្យដឹងថា និន្នាការបច្ចុប្បន្នអ្នកប្រើប្រាស់ចាប់ផ្តើមបង្កើនការយកចិត្តទុកដាក់ ចំពោះសុវត្ថិភាពចំណីអាហារ សុខភាព ក៏ដូចជានិរន្តរភាពបរិស្ថាន។ ទោះជាយ៉ាងណា អ្នកប្រើប្រាស់ជាច្រើន នៅមិនទាន់យល់ដឹងច្បាស់អំពីភាពខុសគ្នារវាងប្រភេទ និងស្តង់ដារផ្សេងៗនៃចំណីអាហារ ឬកសិផលសុវត្ថិភាពនៅឡើយ ជាពិសេសផលិតផលដែលផលិតក្រោមការអនុវត្តកសិអេកូឡូស៊ី។ ចំពោះពាក្យសម្គាល់ដូចជា “សរីរាង្គ (Organic)” “គ្មានសារធាតុគីមី (Chemical-free)” “ប្រព័ន្ធធានាគុណភាពដោយការចូលរួម (Participatory Guarantee Systems - PGS) និងស្តង់ដារផលិតកម្មសុវត្ថិភាពផ្សេងៗទៀត តែងតែត្រូវបានយល់ច្រឡំ ឬប្រើប្រាស់ច្រឡំគ្នា។ ដោយហេតុនេះ ក្នុងអំឡុងសន្និបាតថ្នាក់ជាតិនៃបណ្តាញ ALISEA កម្ពុជា ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ សមាជិកភាគច្រើនបានគាំទ្រគំនិតនៃការរៀបចំយុទ្ធនាការ ឌីជីថល និងទិវាជំនួបអ្នកប្រើប្រាស់ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីភាពខុសគ្នានៃប្រភេទ ឬស្តង់ដារនៃកសិផលសុវត្ថិភាពដែលផលិត តាមការអនុវត្តកសិអេកូឡូស៊ីផ្សេងៗដល់អ្នកប្រើប្រាស់ដើម្បីបង្កើនតម្លៃ និងការទទួលស្គាល់ចំពោះផលិតផលសុវត្ថិភាពទាំងនោះ ដែលផលិតដោយកសិករកម្ពុជា។

សូមជម្រាបថា បណ្តាញ ALISEA ជាបណ្តាញសមាជិកភាព ថ្នាក់តំបន់មួយដែលផ្សារភ្ជាប់ភាគីពាក់ព័ន្ធ ដើម្បីជំរុញវឌ្ឍនាការកសិអេកូឡូស៊ីក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយបានប្រមូលផ្តុំសមាជិកជាង ២០០ស្ថាប័នក្នុងប្រទេសចំនួន៥គឺ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ នៅក្នុងប្រទេសកម្ពុជាមានសមាជិកប្រមាណ ៧៨ស្ថាប័នមកពីអង្គការកសិករ-FO អង្គការ-NGO សាកលវិទ្យាល័យ មជ្ឈមណ្ឌលស្រាវជ្រាវ វិស័យសាធារណៈ និងវិស័យឯកជន។ នៅប្រទេសកម្ពុជា បណ្តាញ ALISEA មានក្រុមប្រតិបត្តិដែលទទួលខុសត្រូវក្នុងការអនុវត្ត និងសម្របសម្រួលបណ្តាញនៅថ្នាក់ជាតិ ដែលមានអង្គការឌីភីអេ (DPA) ជាលេខាធិការដ្ឋាន ទទួលបន្ទុកសម្របសម្រួលបណ្តាញនៅថ្នាក់ជាតិ មជ្ឈមណ្ឌលស្រាវជ្រាវអេកូលែន (ECOLAND) ជាអ្នកសម្របសម្រួលការគ្រប់គ្រងចំណេះដឹង និងសមាគមសហព័ន្ធកសិករកម្ពុជានៃអ្នកផលិតកសិកម្ម (CFAP Cambodia) ជាអ្នកសម្របសម្រួលគោលនយោបាយ ហើយអង្គការ GRET គឺជាអ្នកគាំទ្រការសម្របសម្រួលរវាងថ្នាក់ជាតិ និងថ្នាក់តំបន់។ បណ្តាញ ALISEA ផ្តោតលើការពង្រឹងការចូលរួមរបស់សមាជិក ការលើកកម្ពស់ការអនុវត្តកសិអេកូឡូស៊ី (agroecological practices) និងការបង្កើនភាពលេចធ្លោនៃការអនុវត្តកសិអេកូឡូស៊ី ក្នុងចំណោមកសិករ អ្នកប្រើប្រាស់ និងអ្នករៀបចំគោលនយោបាយ៕
ដោយ៖ ចាន់ សុភឿន





