ឯកឧត្តមបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺដឹកនាំប្រតិភូខេត្ត អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោ-កោះថ្ម X16
AKP កំពង់ស្ពឺ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦-- ប្រតិភូខេត្តកំពង់ស្ពឺដឹកនាំដោយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធចំពោះ វីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា រំលឹកខួបលើកទី៤៩ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៦ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោ-កោះថ្ម X១៦ ឃុំស្ថិតក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ការប្រារព្ធពិធីនេះឡើងគឺជាសក្ខីភាពនៃការដឹងគុណ ចំពោះគុណឧបការៈដ៏ធំធេង ដែលវីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា ដែលបានលះបង់ដើម្បីជាតិ មាតុភូមិកន្លងមក។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត និងប្រតិភូ សូមឧទ្ទិសបួងសួង សូមឱ្យវិញ្ញាណក្ខន្ធអស់លោកបានទៅសោយសុខក្នុងឋានសុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ពិធីនេះប្រព្រឹត្តទៅក្នុងស្មារតីចងចាំជានិច្ច និងរំឭកដល់គុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋគ្រប់ស្រទាប់ ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ។

គួររំលឹកថា តំបន់ប្រវត្តិសាស្ត្រយោធាតេជោ-កោះថ្ម X16 បានបង្ហាញឱ្យកូនខ្មែរគ្រប់ៗរូប ជ្រួតជ្រាបយល់ដឹងពីដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលសមមិត្ត ហ៊ុន សែន បានយកជីវិតធ្វើដើមទុន និងដកខ្លួនចេញទៅរៀបចំកម្លាំងសាជាថ្មី ដោយសុំការគាំទ្រពីប្រទេសវៀតណាម រំដោះប្រទេសជាតិ សង្គ្រោះប្រជាជន ឱ្យរស់រានមានជីវិតមកដល់បច្ចុប្បន្ន៕

ដោយ៖ ម៉ែន ប៊ុនធីម





