រដ្ឋបាលក្រុងសំរោងបើកកិច្ចប្រជុំសម្របសម្រួលដោះស្រាយបញ្ចប់វិវាទដីធ្លីជាន់គ្នានៅភូមិអូរព្រាល សង្កាត់បុស្បូវ ប្រកបដោយភាពជោគជ័យ និងឈ្នះ-ឈ្នះ ទាំងសងខាង
AKP ឧត្តរមានជ័យ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦-- នៅសាលប្រជុំសាលាក្រុងសំរោង កាលពីរសៀលថ្ងៃពុធទី១៧ ខែមិថុនា ឆ្នាំ២០២៦ លោកស្រី ហេង សុជាតិ អភិបាលរងនៃគណៈអភិបាលក្រុងសំរោង បានអញ្ជើញជាប្រធានដឹកនាំកិច្ចប្រជុំ «សម្របសម្រួល និងដោះស្រាយវិវាទដីធ្លីទិញលក់ជាន់គ្នា ១កន្លែង» ដែលស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិអូរព្រាល សង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

កិច្ចសម្របសម្រួលនេះមានការចូលរួមពី លោក ហុង សុផាន ប្រធានការិយាល័យនីតិកម្ម និងសម្របសម្រួលវិវាទមូលដ្ឋានក្រុង លោក ហេង ស៊ីលិញ មន្ត្រីជំនាញនៃការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង លោក ហេង គឹមនឿម ចៅសង្កាត់រងទី១ នៃរដ្ឋបាលសង្កាត់បុស្បូវលោកមេភូមិអូរព្រាល ព្រមទាំងភាគីដើមបណ្តឹង និងភាគីចុងបណ្តឹងផ្ទាល់។

លោកស្រី ហេង សុជាតិ បានថ្លែងថា ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ និងការសម្របសម្រួលបញ្ចប់វិវាទដីធ្លីដោយសន្តិវិធី គឺជាគោលនយោបាយដ៏មានប្រសិទ្ធភាព ក្នុងការកសាងភាពសុខដុមរមនា និងធានានូវសាមគ្គីភាពរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ ។ សូមបញ្ជាក់ថា កិច្ចប្រជុំពិភាក្សា និងដោះស្រាយនេះ បានប្រព្រឹត្តទៅយ៉ាងរលូន ម៉ត់ចត់ និងប្រកបដោយតម្លាភាពបំផុត។ ក្រោមការសម្របសម្រួលដោយគតិបណ្ឌិត យកច្បាប់ និងយោគយល់ជាមូលដ្ឋាន រួមជាមួយការខិតខំពន្យល់ណែនាំពីមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ជាលទ្ធផលដ៏រីករាយ៖ «ភាគីទំនាស់ទាំងសងខាង បានយល់ព្រមព្រៀងគ្នា បញ្ចប់វិវាទ និងសះជាជាមួយគ្នាទាំងស្រុងដោយស្នាមញញឹម» ព្រមទាំងបានផ្តិតមេដៃលើកំណត់ហេតុបញ្ចប់ទំនាស់ ដើម្បីទទួលយកដំណោះស្រាយរួមគ្នា បញ្ចប់ការតវ៉ាចាប់ពីពេលនេះតទៅ។

លោកស្រីអភិបាលរងក្រុងសូមកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះ ស្មារតីចេះយោគយល់អធ្យាស្រ័យខ្ពស់របស់បងប្អូនប្រជាពលរដ្ឋទាំងសងខាង និងសូមអរគុណដល់ក្រុមការងារការិយាល័យនីតិកម្ម ភូមិបាលក្រុង និងអាជ្ញាធរសង្កាត់បុស្បូវ ដែលបានខិតខំប្រឹងប្រែងរួមគ្នាដោះស្រាយបញ្ចប់ទំនាស់ជូនពលរដ្ឋបានទាន់ពេលវេលា សំដៅរួមគ្នារក្សាស្ថិរភាព និងភាពសុខសាន្តនៅក្នុងមូលដ្ឋាន៕

ដោយ ទិត ស្រ៊





