ព្រះករុណា ព្រះមហាក្សត្រ ផ្ញើព្រះរាជសារអបអរសាទរជូនព្រះមហាក្សត្រ Charles ទី៣ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម និងទិវាជាតិចក្រភពអង់គ្លេស
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ --
ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារសំដែងព្រះរាជអំណរសាទរថ្វាយព្រះមហាក្សត្រ Charles ទី៣ នៃចក្រភពអង់គ្លេស ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មផ្លូវការ និងទិវាជាតិរបស់ចក្រភពអង់គ្លេស។
ក្នុងព្រះរាជសារដែលបានផ្ញើចេញពីទីក្រុងប៉េកាំង កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ព្រះករុណា ព្រះមហាក្សត្រ នរោត្តម សីហមុនី បានថ្វាយព្រះពរ ព្រះមហាក្សត្រ Charles ទី៣ សមាជិកនៃព្រះរាជវង្សានុវង្សអង់គ្លេស និងប្រជាជននៃចក្រភពអង់គ្លេសទាំងអស់។
ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏ស្និទ្ធស្នាល និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា និងចក្រភពអង់គ្លេស ហើយព្រះអង្គមានជំនឿថា មិត្តភាព និងកិច្ចសហប្រតិបត្តិការរបស់ព្រះរាជាណាចក្រទាំងពីរ នឹងបន្តរីកចម្រើនបន្ថែមទៀតក្នុងប៉ុន្មានឆ្នាំខាងមុខ។
ព្រះករុណា ព្រះមហាក្សត្រ ក៏បានសព្វព្រះរាជហឫទ័យថ្វាយពរជ័យជូនព្រះមហាក្សត្រ Charles ទី៣ ឱ្យព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ និងព្រះរាជសុភមង្គល ព្រមទាំងប្រទានពរដល់ប្រជាជននៃចក្រភពអង់គ្លេសឱ្យទទួលបានសុខុមាលភាព និងវិបុលភាពជានិច្ច៕

ដោយ នីកា





