ការអភិវឌ្ឍវិស័យសុខភាពសាធារណៈរបស់ឥណ្ឌា ជួយលើកកម្ពស់សុខមាលភាពមាតា និងទារក និងជួយកាត់បន្ថយគម្លាតយេនឌ័រ
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ -- នៅក្នុងសន្និសីទសារព័ត៌មានមួយ ស្តីពីការចេញផ្សាយលទ្ធផលនៃការស្ទង់មតិជាតិស្តីពីសុខភាពគ្រួសារលើកទី៦ (NFHS-6) និងវឌ្ឍនភាពក្នុងវិស័យសុខាភិបាលរបស់ប្រទេសឥណ្ឌា ដែលរៀបចំឡើងដោយស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម វ៉ាន់ឡាល់វ៉ាវណា បាវីត្លុង (Mr. Vanlalvawna Bawitlung) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានលើកឡើងថា ការវិវឌ្ឍក្នុងវិស័យសុខាភិបាលនៅឥណ្ឌា បានបង្ហាញពីភស្តុតាងនៃការកែលម្អគួរឱ្យកត់សម្គាល់លើស្តង់ដាររស់នៅ លទ្ធភាពទទួលបានសេវាថែទាំសុខភាព សុខភាពមាតានិងទារក បរិយាបន្នហិរញ្ញវត្ថុ ការផ្តល់អំណាចផ្នែកឌីជីថល និងសិទ្ធិស្វយ័តរបស់ស្ត្រីក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ដែលវាក៏ជាការកាត់បន្ថយគម្លាតយេនឌ័រផ្នែកឌីជីថល និងហិរញ្ញវត្ថុយ៉ាងឆាប់រហ័សផងដែរ។
ឯកអគ្គរដ្ឋទូតបានពន្យល់ថា គោលនយោបាយឌីជីថលចំគោលដៅ បានជម្រុញឱ្យស្ត្រីមានគណនីធនាគារផ្ទាល់ខ្លួនកើនឡើងពី ១៥% រហូតដល់ ៨៩% ព្រមទាំងបានធ្វើឱ្យអក្ខរកម្មអ៊ីនធឺណិតរបស់ស្ត្រីកើនឡើងទ្វេដងរហូតដល់ ៦៤,៣% ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
តាមរយៈការស្ទង់មតិជាតិស្តីពីសុខភាពគ្រួសារលើកទី៦ របស់ប្រទេសឥណ្ឌា (NFHS-6) បានបង្ហាញពីភាពច្បាស់លាស់ថា ប្រទេសឥណ្ឌាបានពង្រឹងសមារហរណកម្មប្រជាសាស្ត្ររបស់ខ្លួនយ៉ាងរឹងមាំ ខណៈដែលកំពុងឈានចូលដំណាក់កាលថ្មីមួយ ដែលផ្តោតខ្លាំងលើគុណភាពនៃការថែទាំសុខភាព លទ្ធផលអាហារូបត្ថម្ភ ព្រមទាំងការបង្ការ និងការគ្រប់គ្រងជំងឺដែលបង្កឡើងដោយរបៀបរបបរស់នៅ។ នៅក្នុងនោះដែរ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់ផងដែរថា ក្នុងអំឡុងទសវត្សរ៍ចុងក្រោយនេះ ឥណ្ឌាក៏សម្រេចបាននូវការចាក់វ៉ាក់សាំងការពារពេញលេញរហូតដល់ ៨៧,១% ហើយការទទួលថ្នាំបង្ការនៅតាមមូលដ្ឋានសុខភាពសាធារណៈបានកើនឡើងដល់ ៩៥,៦% ដែលបង្ហាញពីទំនុកចិត្តខ្ពស់របស់សហគមន៍មកលើប្រព័ន្ធសុខភាពសាធារណៈ។
ការស្ទង់មតិជាតិទ្រង់ទ្រាយធំ ដូចជាការស្ទង់មតិជាតិស្តីពីសុខភាពគ្រួសារ (NFHS) នេះ មានតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ព័ត៌មានសម្រាប់រៀបចំគោលនយោបាយ និងការធ្វើផែនការ តាមរយៈការជួយកំណត់អត្តសញ្ញាណទាន់ពេលវេលានូវបញ្ហាប្រឈមនានាដែលកំពុងកើតមាន ការវាយតម្លៃលើផលប៉ះពាល់នៃអន្តរាគមន៍ និងការតាមដានសូចនាករសង្គម ប្រជាសាស្ត្រ និងសុខភាពសំខាន់ៗនៅទូទាំងប្រទេស។ ជារួម លទ្ធផលទាំងនេះបានបញ្ជាក់សាជាថ្មីអំពីវឌ្ឍនភាពដ៏ថេររបស់ឥណ្ឌាក្នុងការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។ ជាមួយនឹងការបន្តផ្តោតលើសហការអន្តរវិស័យ ការពង្រឹងការផ្តល់សេវារហូតដល់មូលដ្ឋានដាច់ស្រយាល និងការអភិវឌ្ឍបរិយាបន្ន ឥណ្ឌានឹងមានលទ្ធភាពខ្ពស់ក្នុងការរក្សាសមិទ្ធផលទាំងនេះ ព្រមទាំងលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជនបន្ថែមទៀត៕
ដោយ៖ យា ចិន្ដាខន្ដី





