ឥណ្ឌាបង្កើតចំណុចរបត់ និងជោគជ័យយ៉ាងសំខាន់ក្នុងដំណើរអភិវឌ្ឍន៍សុខភាពសាធារណៈ
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ -- ស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំសន្និសីទសារព័ត៌មានមួយ ស្តីពីការចេញផ្សាយលទ្ធផលនៃការស្ទង់មតិជាតិស្តីពីសុខភាពគ្រួសារលើកទី៦ (NFHS-6) និងវឌ្ឍនភាពក្នុងវិស័យសុខាភិបាលរបស់ប្រទេសឥណ្ឌាដោយនៅក្នុងនោះ ឯកឧត្តម វ៉ាន់ឡាល់វ៉ាវណា បាវីត្លុង (Mr. Vanlalvawna Bawitlung) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានគូសបញ្ជាក់ពីសមិទ្ធផលសំខាន់ៗដែលឥណ្ឌាសម្រេចបានក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ លើវិស័យសុខភាពសាធារណៈ បរិយាបន្នឌីជីថល និងគំនិតផ្តួចផ្តើមលើកកម្ពស់សិទ្ធិអំណាចស្ត្រី។ តាមរយៈបទបង្ហាញ ឯកឧត្តមបានរំលេចថា អភិបាលកិច្ចផ្អែកលើទិន្នន័យ (Data-driven governance) របស់ឥណ្ឌា បានបង្កើតជាចំណុចរបត់ និងជោគជ័យយ៉ាងសំខាន់ក្នុងដំណើរអភិវឌ្ឍន៍សុខភាពសាធារណៈ។
ការស្ទង់មតិនេះបានគ្របដណ្តប់លើគ្រួសារជិត ៦៧៩.០០០គ្រួសារ និងស្ត្រីជាង ៧០០.០០០នាក់ នៅទូទាំង ៧១៥ស្រុកក្នុងផ្ទៃប្រទេស ដែលផ្តល់នូវទិន្នន័យស៊ីជម្រៅ និងមានតម្លៃលើវិស័យគន្លឹះៗ រួមមាន សុខភាពមាតានិងទារក អាហារូបត្ថម្ភ បន្តពូជ ការរៀបចំផែនការគ្រួសារ ការចាក់ថ្នាំបង្ការ រោគវិនិច្ឆ័យជំងឺមិនឆ្លង និងការលើកកម្ពស់សិទ្ធិអំណាចស្ត្រីជាដើម។
ឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា ជោគជ័យរបស់ឥណ្ឌាក្នុងការពង្រីកវិសាលភាពធានារ៉ាប់រងសុខភាព បានកើនឡើងជាង ១២ដង ដែលនេះឆ្លុះបញ្ចាំងពីភាពជោគជ័យនៃគំនិតផ្តួចផ្តើមដឹកនាំដោយរដ្ឋាភិបាល ក្នុងគោលបំណងពង្រឹងកិច្ចការពារហិរញ្ញវត្ថុក្នុងប្រព័ន្ធថែទាំសុខភាព។ បន្ថែមពីលើនេះ ឥណ្ឌាបានកែលម្អលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់រហូតដល់ ៩៦,៥% ខណៈដែលការគ្របដណ្តប់នៃធានារ៉ាប់រងសុខភាពបានកើនឡើងយ៉ាងគំហុករហូតដល់ ៦០,២%។ ការទទួលបានទឹកស្អាតប្រើប្រាស់បានប្រែក្លាយទៅជាប្រព័ន្ធសកល ពោលគឺបានកើនឡើងពី ៨៧,៦% ក្នុងឆ្នាំ២០០៥-២០០៦ ដល់ ៩៦,៥% ក្នុងឆ្នាំ២០២៣-២០២៤ ដែលបង្ហាញពីការផ្លាស់ប្តូរជាវិជ្ជមានលើការផ្តល់សេវាសាធារណៈ។
ឯកឧត្តមក៏បានលើកឡើងផងដែរថា ផ្នែកថែទាំសុខភាពមាតាសម្រេចបាន ៩០,៦% នៃការសម្រាលកូននៅតាមមូលដ្ឋានសុខាភិបាល និង ៩៥,៩% នៃការពិនិត្យសុខភាពមុនសម្រាល ដែលជាគំរូជាក់ស្តែងសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត ក្នុងការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធសុខភាពសាធារណៈក្នុងកម្រិតថវិកាសន្សំសំចៃ។
ឯកឧត្តមបានកោតសរសើរចំពោះតួនាទីយ៉ាងសំខាន់របស់ «មជ្ឈមណ្ឌលសុខភាព និងសុខុមាលភាព» ចំនួន ១៨៧.០០០កន្លែង និង «សកម្មជនសុខភាពសហគមន៍» ជាង ១,០៣លាននាក់ ក្នុងដំណើរការជាប្រវត្តិសាស្ត្រនេះ៕
ដោយ៖ យា ចិន្ដាខន្ដី





