អេហ្ស៊ីបជំរុញការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ -- សន្និសីទអន្តរជាតិមួយត្រូវបានធ្វើឡើងនៅទីក្រុងគែរ កាលពីពេលថ្មីៗនេះ ដើម្បីដោះស្រាយការគំរាមកំហែងតាមអ៊ីនធឺណិតដែលកំពុងវិវត្តន៍ ភស្តុតាងឌីជីថល និងកិច្ចសហប្រតិបត្តិការជាសកលក្រោមអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ដែលត្រូវបានគេស្គាល់ផងដែរថា ជាអនុសញ្ញាហាណូយ។
ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំឥស្សរជនសំខាន់ៗ រួមទាំងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌អេហ្ស៊ីប លោក ម៉ាម៉ូដ ហ៊ែលមី អ៊ែល-ស្សេរីហ្វ តំណាងមកពីអង្គការ UNODC និងសហភាពអឺរ៉ុប និងមន្ត្រីតុលាការមកពីបណ្តាប្រទេសនៅអារ៉ាប់ និងអាហ្វ្រិកជាច្រើន។ កិច្ចពិភាក្សាផ្តោតទៅលើភាពទំនើបកាន់តែខ្លាំងឡើងនៃឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត បញ្ហាប្រឈមនៃដំណើរការភស្តុតាងអេឡិចត្រូនិក និងហានិភ័យកើនឡើងនៃការវាយប្រហារតាមអ៊ីនធឺណិតដែលជំរុញដោយបញ្ញាសិប្បនិម្មិត (AI)។
លោក ហ្ក្លែន ព្រីឆាដ មកពីអង្គការ UNODC បានកោតសរសើរចំពោះភាពជាអ្នកដឹកនាំសកម្មរបស់វៀតណាម ដោយលោកបានកត់សម្គាល់ថាប្រទេសនេះបានធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើសន្ធិសញ្ញានេះកាលពីខែតុលាឆ្នាំមុន ហើយបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសបីដំបូងគេបង្អស់នៅលើពិភពលោកដែលបានផ្តល់សច្ចាប័ន។ លោក ព្រីឆាដក៏បានកោតសរសើរចំពោះសំណើមួយ ដើម្បីបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតក្នុងតំបន់នៅទីក្រុងហាណូយ ក្នុងភាពជាដៃគូជាមួយអង្គការ UNODC។
ការផ្តោតសំខាន់មួយនៃកិច្ចប្រជុំកំពូលនេះ គឺការបង្កើនការផ្លាស់ប្តូរភស្តុតាងអេឡិចត្រូនិកអន្តរជាតិ ដើម្បីកែលម្អការស៊ើបអង្កេត និងការចោទប្រកាន់ពីបទឧក្រិដ្ឋតាមអ៊ីនធឺណិតឆ្លងដែន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





