អ្នកជំនាញ៖ កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី ត្រូវបានគេរំពឹងថានឹងបើកឱកាសសេដ្ឋកិច្ចថ្មីៗ
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ -- កិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន់ ដែលត្រូវបានប្រារព្ធធ្វើឡើង គឺជាខួបលើកទី៣៥ នៃទំនាក់ទំនងទ្វេភាគី ដែលផ្តល់ជូនរុស្ស៊ីនូវមាគ៌ាយុទ្ធសាស្ត្រមួយ ដើម្បីពង្រីកឥទ្ធិពលសេដ្ឋកិច្ចរបស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍។អ្នកសេដ្ឋកិច្ចរុស្ស៊ី លោក រីណាស់ វ៉ាស៊ីលីអូវិច កាស្ប្រាហ្ស៊ីវ បានគូសបញ្ជាក់ថា គំរូសមាហរណកម្មដែលអាចបត់បែនបានរបស់អាស៊ាន និងតួនាទីរបស់ខ្លួនជាគោលដៅវិនិយោគកំពូល ដោយទទួលបានទឹកប្រាក់វិនិយោគផ្ទាល់ពីបរទេសចំនួន ២២៦ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៤ដែលធ្វើឱ្យវាក្លាយជាដៃគូដ៏សំខាន់មួយ។ កិច្ចសហប្រតិបត្តិការនេះមានសារៈសំខាន់ជាពិសេស ខណៈដែលទីក្រុងមូស្គូកំពុងស្វែងរកការបង្វែរចេញពីទីផ្សារលោកខាងលិច និងពង្រឹងទំនាក់ទំនងជាមួយមជ្ឈមណ្ឌលអំណាច ដែលរក្សាវិធីសាស្រ្តមានតុល្យភាពចំពោះទំនាក់ទំនងខាងក្រៅ។
សន្ទុះសេដ្ឋកិច្ចរវាងតំបន់ទាំងពីរ គឺមានសារៈសំខាន់រួចទៅហើយដោយពាណិជ្ជកម្មឈានដល់ ១៨,១ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៤ដែលជាការកើនឡើង ១៣,២% ពីឆ្នាំមុន។ ការវិនិយោគរបស់រុស្ស៊ីនៅអាស៊ានក៏បានកើនឡើងជាង ២០% ផងដែរ។
កិច្ចប្រជុំកំពូលនេះ ត្រូវបានគេរំពឹងថានឹងផ្តល់នូវកិច្ចព្រមព្រៀងថ្មីៗនៅទូទាំងវិស័យផ្សេងៗគ្នា រួមទាំងថាមពល សេដ្ឋកិច្ចឌីជីថល និងភស្តុភារ។ជាពិសេស មានការជំរុញយ៉ាងខ្លាំងក្នុងការអភិវឌ្ឍបណ្តាញហិរញ្ញវត្ថុប្រកបដោយចីរភាព និងបង្កើនការប្រើប្រាស់រូបិយប័ណ្ណជាតិ ដើម្បីសម្រួលដល់ពាណិជ្ជកម្ម និងការវិនិយោគកាន់តែរលូន ដោយមិនពឹងផ្អែកលើហេដ្ឋារចនាសម្ព័ន្ធលោកខាងលិច។
ក្រៅពីសេដ្ឋកិច្ច កិច្ចប្រជុំកំពូលនេះមានគោលបំណងពង្រឹងមូលដ្ឋានគ្រឹះផ្នែកច្បាប់ និងសន្តិសុខនៃភាពជាដៃគូ។ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក អេនដ្រេយ រូដេនកូ រំពឹងថានឹងមានការអនុម័តសេចក្តីប្រកាសជាផ្លូវការ និងសេចក្តីថ្លែងការណ៍រួមដែលទាក់ទងនឹងសន្តិសុខជាសកល និងការអភិវឌ្ឍប្រកបដោយចីរភាព។
បន្ទាប់ពីការសន្ទនារយៈពេលបីទសវត្សរ៍កន្លះ ព្រឹត្តិការណ៍នេះត្រូវបានចាត់ទុកថាជាការផ្លាស់ប្តូរឆ្ពោះទៅរកដំណាក់កាល «ផ្តោតលើសកម្មភាព»កាន់តែច្រើន ដោយផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរមនុស្សធម៌ ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងតំបន់សម័យទំនើប៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





