ក្រសួងមហាផ្ទៃកម្ពុជា ទទួលជំនួយពីមេគង្គ-ឡានឆាង សម្រាប់ការពង្រឹងវិស័យសន្តិសុខ តាមរយៈ គម្រោងអភិវឌ្ឍន៍នគរបាលវៃឆ្លាត
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦--ក្រសួងមហាផ្ទៃកម្ពុជា ទទួលបានជំនួយពីមេគង្គ-ឡានឆាងមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការសន្តិសុខនិងសមាហរណកម្មអនុវត្តន៍ច្បាប់មេគង្គ-ឡាងឆាង សម្រាប់ការពង្រឹងវិស័យសន្តិសុខ តាមរយៈ “គម្រោងអភិវឌ្ឍន៍នគរបាលវៃឆ្លាតក្នុងតំបន់មេគង្គ-ឡានឆាង ប្រព័ន្ធដំណើរការ និងវិភាគវីដេអូ នៅរាជធានីភ្នំពេញ”។

ក្នុងពិធីប្រគល់ និងទទួលជំនួយកាលពីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ការដាក់ឱ្យដំណើរការប្រព័ន្ធ «នគរបាលវៃឆ្លាត» នេះ គឺជាការអនុវត្តជាក់ស្តែងនៃគោលនយោបាយសន្តិសុខរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

ដោយឡែក ឯកឧត្តម យូ ស៊ាវវិន (You Xiaowen) អគ្គលេខាធិការនៃមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តន៍ច្បាប់មេគង្គ-ឡានឆាង បានសន្យាថានឹងបន្តពង្រីកវិសាលភាពនៃគម្រោងបំពាក់កាមេរ៉ាសុវត្ថិភាពវៃឆ្លាត និងជួយបណ្តុះបណ្តាលដល់មន្ត្រីនគរបាលកម្ពុជាលើផ្នែកបច្ចេកវិទ្យាឌីជីថល សំដៅរួមចំណែកក្នុងការពង្រឹងវិស័យសន្តិសុខនៅកម្ពុជា។

ក្រសួងមហាផ្ទៃបានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការដាក់ចេញនូវគោលនយោបាយសន្តិសុខដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រសួងបានសម្រេចជោគជ័យក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តន៍គម្រោងអភិវឌ្ឍន៍នគរបាលវៃឆ្លាតក្នុងតំបន់មេគង្គ-ឡានឆាង ប្រព័ន្ធដំណើរការ និងវិភាគវីដេអូ នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់សន្តិសុខ និងសុវត្ថិភាពសង្គមនៅក្នុងរាជធានីភ្នំពេញ។ តាមរយៈគម្រោងនេះ សាលារាជធានីភ្នំពេញនឹងទទួលបានការបំពាក់ប្រព័ន្ធបច្ចេកវិទ្យាសន្តិសុខដ៏ទំនើប រួមមាន៖ កាមេរ៉ាសុវត្ថិភាព (CCTV) ចំនួន ៤៨៧ គ្រឿង ដែលមានបំពាក់ប្រព័ន្ធសម្គាល់ទម្រង់មុខ (Face Recognition) សម្គាល់ស្លាកលេខយានយន្ត (Vehicle Plate Number Recognition) និងមជ្ឈមណ្ឌលបញ្ជាការ (Command Center) ដែលមានសមត្ថភាពខ្ពស់ក្នុងការគ្រប់គ្រង និងឆ្លើយតបចំពោះស្ថានភាពអាសន្ននានាបានទាន់ពេលវេលា (Real-time)៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





