ក្រុមការងារឃោសនា អប់រំ និងផ្សព្វផ្សាយ នៃគណៈកម្មាធិការ អ.ន.ក. វិស័យព័ត៌មាន បែងចែកភារកិច្ចដើម្បីពង្រឹងប្រសិទ្ធភាពការងារ
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦--ក្រុមការងារឃោសនា អប់រំ និងផ្សព្វផ្សាយ នៃលេខាធិការដ្ឋាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យព័ត៌មាន (គណៈកម្មាធិការ អ.ន.ក. វិស័យព័ត៌មាន) បានរៀបចំកិច្ចប្រជុំសំខាន់មួយ ដើម្បីពិភាក្សា និងសម្រេចលើការបែងចែកតួនាទីភារកិច្ចផ្ទៃក្នុង ដើម្បីធ្វើឱ្យផែនការសកម្មភាពឱ្យកាន់តែមានភាពរស់រវើក សកម្ម និងមានប្រសិទ្ធភាពខ្ពស់។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នៅសាលព្រះវិហារ នៃទីស្តីការក្រសួងព័ត៌មាន ក្រោមការដឹកនាំផ្ទាល់របស់ លោក ផន ផាន់ណា ប្រធាននាយកដ្ឋានគោលនយោបាយ ផែនការ និងស្ថិតិ និងជាប្រធានក្រុមការងារឃោសនា អប់រំ និងផ្សព្វផ្សាយ នៃលេខាធិការដ្ឋាន នៃគណៈកម្មាធិការ អ.ន.ក. វិស័យព័ត៌មាន ដោយមានការចូលរួមពីសមាជិក សមាជិកានៃក្រុមការងារ។

នៅក្នុងឱកាសនោះ អង្គប្រជុំបានផ្តោតការពិភាក្សាយ៉ាងម៉ត់ចត់លើការរៀបចំរចនាសម្ព័ន្ធការងារឡើងវិញ ដោយផ្អែកលើការបែងចែកតួនាទី និងការទទួលខុសត្រូវទៅតាមជំនាញ និងសមត្ថភាពជាក់ស្តែងរបស់សមាជិកម្នាក់ៗ។ ការធ្វើបែបនេះ គឺដើម្បីធានាថា រាល់យុទ្ធសាស្ត្រ និងការអនុវត្តសកម្មភាពឃោសនា អប់រំ ក៏ដូចជាការផ្សព្វផ្សាយរបស់គណៈកម្មាធិការ អ.ន.ក. វិស័យព័ត៌មាន អាចប្រព្រឹត្តទៅបានចំគោលដៅ និងឆ្លើយតបបានទាន់ពេលវេលាទៅនឹងតម្រូវការជាក់ស្តែង។

ជាលទ្ធផល កិច្ចប្រជុំបានឈានទៅដល់ការសម្រេចចិត្តរួមមួយលើការបែងចែកភារកិច្ច ដែលនេះជានិមិត្តរូបនៃការបោះជំហានទៅមុខមួយកម្រិតទៀតក្នុងការបំពេញបេសកកម្មរបស់ខ្លួន ស្របតាមទិសដៅការងារដែលថ្នាក់ដឹកនាំបានដាក់ជូន៕
ដោយ៖ ទូច វលក័្ខណ





