ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំងចូលរួមប្រជុំតាមរយៈប្រព័ន្ធកម្មវិធីZoom តាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា
AKP កំពង់ឆ្នាំង ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦--លោក ជា សុខរិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍នៅសាល់ប្រជុំសាលាខេត្តកំពង់ឆ្នាំង ក្នុងកិច្ចប្រជុំតាមរយៈប្រព័ន្ធកម្មវិធីZoom ស្ដីពីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេ កវិទ្យា(Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការចូលរួមពី លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត និងកងកម្លាំងប្រដាប់អាវុធ ផងដែរ។

ក្នុងឱកាសនោះលោក ជា សុខរិទ្ធិ បានលើកឡើងថា មន្ត្រីពាក់ព័ន្ធទាំងអស់ ចូលរួមយ៉ាងសកម្មក្នុងការការពារនិងតាមដានយកចិត្តទុកដាក់ទប់ស្កាត់មិនឱ្យកើតមានឆបោកតាមប្រព័ន្ធអនឡាញ(Online Scams) ដែលជាបញ្ហាប្រឈមជាសកលមួយ ដោយទាមទារវិធីសាស្ត្ររួម និងការឆ្លើយតបជាសកលក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការសម្របសម្រួល ថ្នាក់ជាតិ ដើម្បីការពារពិសេសទៅលើកុមារពីហានិភ័យតាមអ៊ីនធឺណិត និងគ្រោះថ្នាក់ដែលអាចកើតមាន ព្រមទាំងផ្តល់សិទ្ធិឱ្យពួកគេទទួលបានអត្ថប្រយោជន៍ពេញលេញពីអ៊ីនធឺណិត។ សព្វថ្ងៃនេះ កុមារកំពុងធំធាត់ឡើង និងរស់នៅក្នុងពិភពឌីជីថល ដែលបង្ហាញឱ្យឃើញថា ពួកគេអាចងាយនឹងរងហានិភ័យពីប្រព័ន្ធអ៊ីនធឺណិត។

ទន្ទឹមនឹងនេះលោកបានបន្តថា ការទប់ ស្កាត់ឱ្យបានក្នុងករណីពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ រួមទាំងការបោក ប្រាស់តាមបច្ចេកវិទ្យា វាជាផ្នែកសំខាន់នៃយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងសន្តិសុខសាធារណៈ និងទប់ស្កាត់បណ្តាញឧក្រិដ្ឋកម្ម គឺជាផ្នែកមួយនៃសកម្មភាពអនុវត្តច្បាប់យ៉ាងទូលំទូលាយ ដើម្បីបង្ក្រាបក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams)ឱ្យមានប្រសិទ្ធិភាព។

ក្នុងបរិបទនេះលោកអភិបាលរងបានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលនៅតែបន្តការអនុវត្តដើម្បីតាមដានវឌ្ឍនភាពការ ងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) គ្រប់ក្រុមសមត្ថកិច្ចក្នុងរាជធានី-ខេត្តទាំង២៥ កំពុងបង្កើនសកម្មភាពបោសសម្អាត ស្រាវជ្រាវ ស៊ើបអង្កេត និងបង្រ្កាបយ៉ាងយកចិត្តទុកដាក់លើទីតាំងដែលមានការលបលួចធ្វើកម្មភាពសំបុកតូច ឬធំក៏ដោយ ក្នុងក្របខណ្ឌនៃការអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕

ដោយ ៖បៃ ស៊ីថុន





