រុស្ស៊ីវាយប្រហារទ្រង់ទ្រាយធំពេញមួយយប់លើទីតាំងឧស្សាហកម្មយោធាអ៊ុយក្រែន
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ -- កងទ័ពរុស្ស៊ីបានធ្វើការវាយប្រហារដ៏ធំមួយពេញមួយយប់ទៅលើទីតាំងឧស្សាហកម្មយោធាអ៊ុយក្រែន ដើម្បីសងសឹកចំពោះការវាយប្រហាររបស់ទីក្រុងគៀវទៅលើទីតាំងស៊ីវិល។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងការពារជាតិរុស្ស៊ីបានចេញផ្សាយកាលពីថ្ងៃចន្ទ។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា«កាលពីយប់មិញ ដើម្បីសងសឹកចំពោះការវាយប្រហារភេរវកម្មរបស់របបទីក្រុងគៀវ កងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានធ្វើការវាយប្រហារដ៏ធំមួយដោយប្រើអាវុធបាញ់ចេញពីអាកាស បាញ់ចេញពីដី និងបាញ់ចេញពីសមុទ្ររយៈចម្ងាយឆ្ងាយ ព្រមទាំងវាយប្រហារយន្តហោះគ្មានមនុស្សបើកទៅលើទីតាំងនៃវិស័យឧស្សាហកម្មយោធានៅក្នុងទីក្រុងគៀវ ទីក្រុងខាកូវ និងទីក្រុងឌីនីប្រូប៉េត្រូវស្ក៍»។
ការវាយប្រហារទាំងនោះក៏បានកំណត់គោលដៅទៅលើអាកាសយានដ្ឋានយោធា និងមជ្ឈមណ្ឌលជ្រើសរើសបុគ្គលិកក្នុងតំបន់ផងដែរ។
ក្រសួងបានរាយការណ៍ថា «គោលដៅនៃការវាយប្រហារត្រូវបានសម្រេច។ គោលដៅដែលបានកំណត់ទាំងអស់ត្រូវបានវាយប្រហារ»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





