បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ
AKP កំពង់ធំ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ -- នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមីភាគទី៤ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នេះ បានដំណើរការផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយពីសភាពការណ៍ប្រែប្រួលបញ្ហាសង្គ្រាមនៅមជ្ឈិមបូព៌ា និងសហភាពការណ៍នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃព្រមទាំងវិធានការចាំបាច់មួយចំនួនរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការដោះស្រាយខ្សែបន្ទាត់ព្រំដែនគោកដែលត្រូវអនុវត្តតាមសន្ធិសញ្ញាបារាំងសៀមឆ្នាំ ១៩០៤ ឆ្នាំ១៩០៧ និងខ្សែបន្ទាត់ព្រំដែនស្របតាមច្បាប់អន្តរជាតិនិងដោយសន្តិវិធី។
ដោយឡែក ការដោះស្រាយព្រំដែនសមុទ្រ ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចដោះស្រាយតាមនីតិសមុទ្រ UNCLOS នៃការផ្សះផ្សារដោយបង្ខំ បន្ទាប់ពីប្រទេសថៃបានលុបចោលជាឯកតោភាគីនូវអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០១។ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានបញ្ជាក់ជូនអំពីអនុសាសន៍សំខាន់ៗរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំតាមបណ្ដាខេត្ត ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុកឃុំ សង្កាត់ អំពីវិធានការចាំបាច់ក្នុងការពហិកានូវរាល់ទំនិញខុសច្បាប់របស់ប្រទេសថៃ និងកំពុងចាត់វិធានការតាមផ្លូវច្បាប់ដ៏ម៉ឺងម៉ាត់បំផុតចំពោះបុគ្គល ឬជនណា ដែលនៅតែបំពាននាំចូលទំនិញរបស់ថៃដែលខុសច្បាប់ និងទំនិញដែលបានហាមឃាត់ចូលក្នុងទឹកដីកម្ពុជា។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានថ្លៃងអំណរគុណដល់គ្រួសារកងទ័ព និងប្រជាពលរដ្ឋកម្ពុជា ដែលបានរួមគ្នាពហិការមិនប្រើប្រាស់ទំនិញរបស់ថៃ ហើយបានងាកមកប្រើប្រាស់ទំនិញដែលបានផលិតនៅក្នុងប្រទេសកម្ពុជា និងបណ្ដាប្រទេសផ្សេងទៀតជំនួសវិញ។នេះជាមោទនភាព ដែលប្រជាពលរដ្ឋកម្ពុជារួបរួមគ្នាជាធ្លុងមួយ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានប្រគល់ភារកិច្ចចាំបាច់មួយចំនួនជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវតែស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា និងព្រះមហាក្សត្រ នឹងត្រូវហ៊ានពលិកម្មគ្រប់បែបយ៉ាង ដើម្បីការពារបូរណភាពទឹកដី និងប្រជាជនកម្ពុជាពីការឈ្លានពានពីបរទេស។

យោធិនគ្រប់រូបត្រូវចូលរួមចំណែកក្នុងកំណែទម្រង់របស់កងយោធពលខេមរភូមិន្ទ ត្រូវគោរពយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងច្បាប់ស្ដីពីលក្ខន្តិកៈទូទៅរបស់កងយោធពលខេមរភូមិន្ទ ត្រូវចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធរដែនដីនៅគ្រប់លំដាប់ថ្នាក់ក្នុងការអនុវត្តនៅគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងការចូលរួមការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព៕
ដោយ៖ ស៊ុម វណ្ណា




