អនុប្រធានដេប៉ាតឺម៉ង់ភាសាបារាំង៖ ភាសាបារាំងគឺជាភាសាល្អគន់ មិនមែនល្អឆើតទេ ហើយអ្នកដែលស្រឡាញ់ ចូលចិត្ត ត្រូវការ ទើបរៀន មិនមែនរៀនតាមគ្នានោះទេ
AKP ភ្នំពេញ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦
តាមការកត់សម្គាល់ឃើញថា ភាសាបារាំងគឺជាភាសាល្អគន់ មិនមែនល្អឆើតទេ មានន័យថា ជាភាសាដែលមានលក្ខណៈថេរតាំងពីដើមមក គឺដោយសារអ្នកដែលស្រឡាញ់ ចូលចិត្ត ត្រូវការ ទើបគេរៀន មិនមែនរៀនតាមគ្នានោះទេ ហើយអ្នកដែលរៀនភាសាបារាំងនេះ គឺគេរៀនដល់ថ្នាក់ខ្ពស់គឺយល់ថា ភាសាបារាំង បានផ្តល់នូវឱកាសទីផ្សារមួយដែលមិនចេះរីងស្ងួតដល់ពួកគាត់។ នេះគឺជាការលើកឡើងរបស់លោក សុខ លីមស៊្រន់ អនុប្រធានដេប៉ាតឺម៉ង់ភាសាបារាំង នៃវិទ្យាស្ថានភាសាបរទេស សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) បានឱ្យដឹងនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។

លោក សុខ លីមស៊្រន់ បានគូសបញ្ជាក់ថា ការចូលចិត្ដរៀនភាសាបារាំង ដោយមើលឃើញថានៅក្នុងសា្ថប័ន ឬអង្គការផ្សេងៗនៅតែត្រូវការភាសាបារាំង បើថ្វីត្បិតថា យើងមិនត្រូវការនូវចំនួនច្រើនក៏ពិតមែន ប៉ុន្ដែអ្នកដែលរៀនរហូតដល់មានកម្រិតបរិញ្ញាបត្រ ឬបរិញ្ញាបត្រជាន់ខ្ពស់ ពួកគាត់នៅតែមានភាពរីកចម្រើន និងមានភាពរឹងមាំផ្នែកប្រាជ្ញា ស្មារតីរបស់គាត់ គឺដោយសារតែភាសាបារាំងនេះឯង។

លោកបានសង្កេតឃើញថា ភាសាបារាំង ត្រូវបានប្រើប្រាស់ក្នុងវិស័យអប់រំច្រើនជាងគេ ដោយសារតែទោះបីជានិស្សិតរៀនផ្នែកបច្ចេកទេសក៏ដោយ ក៏គាត់ត្រឡប់មកបម្រើការងារក្នុងវិស័យអប់រំវិញដដែល។ លោកបានបញ្ជាក់ថា បន្ទាប់មក ភាសាបារាំងក៏ដើរតួនាទីយ៉ាងសំខាន់នៅក្នុងវិស័យសុខាភិបាល បើទោះបីជា ភាសាអង់គ្លេសពិតជាមានសារៈសំខាន់ក៏ពិតមែន ប៉ុន្តែភាសាបារាំង នៅតែមានចំណុចល្អ ដោយសារតែប្រទេសបារាំង គឺនៅតែជាប្រទេសមួយឈានមុខគេផ្នែកវិស័យបច្ចេកវិទ្យា និងវិស័យផ្សេងៗ ជាពិសេសវិស័យសុខាភិបាល និងផ្នែកផលិតកម្មឱសថ ជាដើម។ ដោយឡែក វិស័យសេវាកម្ម នៅតែមានវត្តមានភាសាបារាំងច្រើនគួរសមដែរ ដោយសារនាពេលបច្ចុប្បន្ននេះ វិស័យធនាគារ ដែលប្រទេសបារាំង បានចាប់ផ្ដើមមានវត្តមាននៅក្នុងប្រទេសកម្ពុជាយើង។ លោកអនុប្រធានដេប៉ាតឺម៉ង់ភាសាបារាំងរូបនេះក៏បានអះអាងថា ជាក់ស្ដែង ថ្វីត្បិតតែនិស្សិតរបស់យើងមិនបានទទួលការបណ្ដុះបណ្ដាលក្នុងវិស័យធនាគារក៏ពិតមែន ប៉ុន្តែពួកគាត់បានឈានជើងចូលធ្វើការក្នុងវិស័យធនាគារមួយចំនួន ហើយអ្នកខ្លះទៀតក៏បានធ្វើការក្នុងវិស័យទេសចរណ៍។ ចំពោះវិស័យទេសចរណ៍ លោក សុខ លីមស៊្រន់ បានពន្យល់បន្ថែមថា បើទោះបីជាក្នុងអំឡុងពេលកូវីដ-១៩ វិស័យទេសចរណ៍នេះ មានការធ្លាក់ចុះ ប៉ុន្តែយើងនៅតែសង្កេតឃើញថា អ្នកដែលធ្វើការក្នុងវិស័យទេសចរណ៍នេះ ដែលមាននិស្សិតរៀនភាសាបារាំង នៅតែមានការងារធ្វើដដែល។ «ខ្ញុំគិតថា ទី១ គឺមានចំនួនតិច ហើយទី២ គឺពួកគាត់ទទួលបានការបណ្ដុះបណ្ដាលត្រឹមត្រូវ ព្រោះនៅទីនេះ យើងធ្លាប់បណ្ដុះបណ្ដាលផ្នែកវិស័យទេសចរណ៍នេះ រយៈពេលជិត២០ឆ្នាំដែរ»។ នេះគឺជាការបញ្ជាក់បន្ថែមរបស់លោក សុខ លីមស៊្រន់។

ជាមួយគ្នានេះ បើតាមលោក សុខ លីមស៊្រន់ អនុប្រធានដេប៉ាតឺម៉ង់ភាសាបារាំង ដើម្បីឆ្លើយតបនឹងទីផ្សារការងារ ដេប៉ាតឺម៉ង់ភាសាបារាំង គឺមានការបណ្ដុះបណ្ដាលជំនាញបកប្រែ និងនាញបង្រៀនភាសាបារាំង (បរិញ្ញាបត្រអប់រំ)។ ប៉ុន្ដែ បើយើងពិនិត្យទៅលើទិដ្ឋភាពជារួមនៃខ្លឹមសារបណ្ដុះបណ្ដាល កម្មវិធីសិក្សាដេប៉ាតឺម៉ង់ យើងតែងតែបណ្ដុះ ឬបញ្ចូលនូវជំនាញទាំងអស់នោះ ដើម្បីឱ្យនិស្សិតអាចមានលទ្ធភាពចេញទៅធ្វើការនៅក្នុងវិស័យផ្សេងៗ ព្រោះនិស្សិតដែលសិក្សាដេប៉ាតឺម៉ង់ភាសាបារាំងនៅទីនេះ មានចំនួនតិច។
យោងតាមរបាយការណ៍បានឱ្យដឹងថា ការសិក្សារបស់និស្សិត ដេប៉ាតឺម៉ង់ភាសាបារាំង នៅវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បើគិតសរុបចំនួន ៤ ជំនាន់កន្លងមកនេះ មាននិស្សិតប្រមាណជាង១៩០នាក់ ចាប់ពីឆ្នាំទី១ រហូតដល់ឆ្នាំទី៤។ ការបណ្ដុះបណ្ដាលនិស្សិតដេប៉ាតឺម៉ង់ភាសាបារាំង ថ្នាក់បរិញ្ញាបត្រ គិតចាប់ពីឆ្នាំ១៩៨៩ រហូតដល់ឆ្នាំ២០២៦នេះ សរុបប្រមាណជាង ២ ០០០ នាក់ ក្នុងនោះ ក៏មាននិស្សិតសិក្សាថ្នាក់អនុបណ្ឌិតជាង ២០នាក់ ផងដែរ៕
ដោយ៖ ទេស ច័ន្ទសុធារី, រូបថត៖ រិទ្ធី




