ឯកអគ្គរដ្ឋទូតកូឡុំប៊ី ប្ដេជ្ញាចិត្តពីកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រីកទំនាក់ទំនងជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំបន្តទៀត
AKP ភ្នំពេញ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦
លោកជំទាវ Alicia Alejandra Alfaro Castillo ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋកូឡុំប៊ីប្រចាំកម្ពុជា បានប្ដេជ្ញាចិត្តថា ក្នុងឋានៈជាឯកអគ្គរដ្ឋទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោកជំទាវ នឹងខិតខំប្រឹងប្រែងក្នុងការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងកូឡុំប៊ីឱ្យកាន់តែរឹងមាំបន្តទៀត។ នេះបើតាមការឱ្យដឹងរបស់ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បន្ទាប់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ Alicia Alejandra Alfaro Castillo ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋកូឡុំប៊ីប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជូនសារតាំង នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា។

ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ ក្នុងព្រះបរមនាមរបស់ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចបានអបអរសាទរចំពោះលោកជំទាវ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតរបស់ប្រទេសកូឡុំប៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោសង្ឃឹមថា ក្នុងបេសកកម្មជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា លោកជំទាវ នឹងខិតខំប្រឹងប្រែងក្នុងការពង្រីកនូវទំនាក់ទំនងរវាងកម្ពុជា និងកូឡុំប៊ីឱ្យកាន់តែរីកចម្រើនទោះបីជាប្រទេសទាំងពីរមានភូមិសាស្ត្រឆ្ងាយពីគ្នាក៏ពិតមែន ក៏ប៉ុន្តែកម្ពុជា និងកូឡុំប៊ី មានទំនាក់ទំនងដ៏យូរអង្វែងជាមួយគ្នា និងមានសក្តានុពលជាច្រើនទៀតដែលអាចពង្រីកបន្ថែមទៀត រវាងប្រទេសទាំងពីរ។

ជាមួយគ្នានេះ លោកជំទាវ ឯកអគ្គរដ្ឋទូតកូឡុំប៊ី បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យលោកជំទាវបានបានជួបសម្ដែងការគួរសម និងជូនសារតាំងចំពោះសម្ដេចតេជោនាពេលនេះ។ លោកជំទាវបានប្ដេជ្ញាចិត្តថា ក្នុងឋានៈជាឯកអគ្គរដ្ឋទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោកជំទាវ នឹងខិតខំប្រឹងប្រែងក្នុងការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងកូឡុំប៊ីឱ្យកាន់តែរឹងមាំបន្តទៀត។ លោកជំទាវបានបញ្ជាក់ថា ប្រទេសទាំងពីរមានសក្តានុពលបន្ថែមក្នុងការពង្រីកជាមួយគ្នា ទាំងនៅក្នុងក្របខ័ណ្ឌអន្តរជាតិ នយោបាយអន្តរជាតិ ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគីរវាងប្រទេសទាំងពីរ ហើយកូឡុំប៊ី និងកម្ពុជា ក៏គ្រោងនឹងមានកិច្ចសន្ទនានយោបាយជាមួយគ្នាបន្ថែមទៀត។ លោកជំទាវបានបន្ដថា ប្រទេសទាំងពីរ នឹងជំរុញនូវពាណិជ្ជកម្មសេដ្ឋកិច្ច វិនិយោគ បន្ថែមទៀត ។ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានអបអរសាទរ ចំពោះសមិទ្ធផលនៃការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសលោកជំទាវអបអរចំពោះអាកាសយានដ្ឋានអន្តរជាតិថ្មីរបស់កម្ពុជា ដែលមានភាពស្រស់ស្អាត និងបង្ហាញអំពីភាពរីកចម្រើននៅក្នុងប្រទេសមួយនេះ។

ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់លោកជំទាវឯកអគ្គរដ្ឋទូត ហើយសម្ដេចបានបញ្ជាក់ថា កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ជាពិសេសរកចំណុចណាដែលមិនទាន់បានពង្រីកនូវកិច្ចការជាមួយគ្នា ពោលគឺទៅលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគតែម្ដង ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្ដេចតេជោ ប្រមុខរដ្ឋស្ដីទីក៏បានអរគុណចំពោះអតីតកាល ដែលប្រទេសកូឡុំប៊ី បានបញ្ជូននូវកងទ័ពរបស់ខ្លួនតាមរយៈអ៊ុនតាក់ នៅក្នុងចន្លោះឆ្នាំ១៩៩២ និង១៩៩៣ ហើយតាមរយៈអ៊ុនតាក់ គឺបានចូលរួមសម្របសម្រួលក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា។ សម្ដេចតេជោសង្ឃឹមថា ក្នុងតួនាទីរបស់លោកជំទាវដែលជាអគ្គរដ្ឋទូតនាពេលនេះ នឹងខិតខំប្រឹងប្រែងធ្វើការជាមួយនិងរដ្ឋាភិបាលកម្ពុជា ក្នុងការពូនជ្រំនូវទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន៕
ដោយ៖ ជឹម ណារី





