អភិបាលខេត្តបន្ទាយមានជ័យ៖ «TVET មិនមែនគ្រាន់តែជាការបណ្តុះបណ្តាល ប៉ុន្តែជាកូនសោរមាសបើកទ្វារការងារ និងបង្កើនចំណូលដល់ពលរដ្ឋ»
AKP បន្ទាយមានជ័យ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦-- ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) គឺជាយុទ្ធសាស្ត្រគន្លឹះរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្លាស់ប្តូរជីវភាពគ្រួសារតាមរយៈការផ្ដល់ជំនាញ និងចំណូលសមរម្យ»។ នេះជាការលើកឡើងរបស់ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក្នុងពិធីអបអរសាទរ ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ។

ពិធីនេះរៀបចំឡើងយ៉ាងអធិកអធមនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ក្រោមប្រធានបទដ៏មានអត្ថន័យថា “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”បានក្លាយជាវេទិកាដ៏សំខាន់មួយក្នុងការបង្ហាញពីការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះសុខទុក្ខ និងអនាគតវិជ្ជាជីវៈរបស់ប្រជាពលរដ្ឋ ជាពិសេសយុវជន។

ថ្លែងក្នុងពិធីនោះ ឯកឧត្តម អ៊ុ រាត្រី បានគូសបញ្ជាក់យ៉ាងច្បាស់ថា ការសម្រេចចិត្តជ្រើសរើសជំនាញបច្ចេកទេស គឺជាជម្រើសដ៏ឆ្លាតវៃសម្រាប់យុវជនក្នុងយុគសម័យថ្មី។ ឯកឧត្តមបានលើកឡើងថា "រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយផ្តល់អាទិភាពខ្ពស់លើការបណ្តុះបណ្តាលវិជ្ជាជីវៈ ពីព្រោះនេះជាផ្លូវកាត់ដ៏មានប្រសិទ្ធភាពបំផុតក្នុងការកាត់បន្ថយភាពក្រីក្រ។ នៅពេលប្រជាពលរដ្ឋមានជំនាញក្នុងដៃ ពួកគាត់នឹងមានការងារធ្វើប្រកបដោយស្ថិរភាព ហើយមានលទ្ធភាពរកចំណូលបានខ្ពស់ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង"។

ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់លើចំណុចសំខាន់ៗ ដែលបង្ហាញពីភាពជោគជ័យនៃកម្មវិធី TVET នោះការឆ្លើយតបទៅនឹងតម្រូវការទីផ្សារជំនាញដែលបណ្តុះបណ្តាលនាពេលនេះ គឺស្របតាមតម្រូវការជាក់ស្តែងរបស់វិស័យឧស្សាហកម្ម និងសេវាកម្ម ដែលកំពុងមានសន្ទុះរីកចម្រើន។ សមធម៌ក្នុងឱកាសការផ្តល់ឱកាសរៀនជំនាញដោយមិនគិតថ្លៃ ឬការគាំទ្រផ្នែកថវិកាដល់គ្រួសារងាយរងគ្រោះ គឺជាការបង្ហាញពីមនោសញ្ចេតនា និងការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋគ្រប់រូប។ ភាពជាម្ចាស់ការលើជីវិតការមានជំនាញបច្ចេកទេសមិនត្រឹមតែជួយឱ្យយុវជនក្លាយជាបុគ្គលិកដែលមានសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់លទ្ធភាពដល់ពួកគាត់ឱ្យក្លាយជាសហគ្រិនខ្នាតតូចដែលអាចបង្កើតមុខរបរដោយខ្លួនឯងបានទៀតផង។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុ រាត្រី បានអំពាវនាវដល់យុវជន ក៏ដូចជាអាណាព្យាបាលទូទាំងខេត្តបន្ទាយមានជ័យ សូមកុំមើលរំលងការបណ្តុះបណ្តាលជំនាញបច្ចេកទេស។ ឯកឧត្តមបានបញ្ជាក់ថាជំនាញវិជ្ជាជីវៈមិនមែនជាជម្រើសទីពីរនោះទេ ប៉ុន្តែវាគឺជាជម្រើសដ៏ត្រឹមត្រូវមួយក្នុងការធានាថា កូនចៅរបស់លោកអ្នកនឹងមានការងារធ្វើភ្លាមៗក្រោយបញ្ចប់ការសិក្សា។

ពិធីអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ នៅខេត្តបន្ទាយមានជ័យ មិនត្រឹមតែជាការរំឭកដល់សារៈសំខាន់នៃវិស័យនេះប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការដាស់តឿនស្មារតីសង្គមជាតិឱ្យចូលរួមលើកកម្ពស់តម្លៃនៃ «ការងារជំនាញ» ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងសមធម៌៕
ដោយ ឈុន សារ៉ាត





