ឯកឧត្តម ប៉ែន បូណា៖ ទន្ទឹមនឹងដៃម្ខាងការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន ដៃម្ខាងទៀតរបស់រាជរដ្ឋាភិបាល គឺបន្តអភិវឌ្ឍន៍ប្រទេសដោយមិនបង្អែរបង្អង់ឡើយ
AKP ភ្នំពេញ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦--ថ្ងៃទី១៥ មិថុនា ឆ្នាំ២០២៦ នេះគឺទិវាជាតិអប់រំ បណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ ដែលប្រារព្ធឡើងក្រោមប្រធានបទ៖ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល»។ ប្រធានបទនេះសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់នូវការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការកសាងនិងអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាព សមត្ថភាព ជំនាញវិជ្ជាជីវៈច្បាស់លាស់ ទាំងជំនាញរឹងនិងទន់ មានគំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ ដើម្បីសម្រេចគោលដៅ «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» ជាពិសេសយុវជនដែលជាកម្លាំងពលកម្មជំនាញដ៏មានសក្តានុពលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ក្នុងការធ្វើ សេចក្ដីថ្លែងការណ៍ នាព្រឹកថ្ងៃទី១៥ មិថុនានេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ឡើងវិញជូនជនរួមជាតិជ្រាបថា ទន្ទឹមនឹងដៃម្ខាងការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន ដៃម្ខាងទៀតរបស់រាជរដ្ឋាភិបាល គឺបន្តអភិវឌ្ឍន៍ប្រទេសដោយមិនបង្អែរបង្អង់ឡើយ។ ជាក់ស្តែង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់នាឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី៩ ដែលមានអត្ថន័យដូចតទៅ៖
រាជរដ្ឋាភិបាលតែងតែចាត់ទុកការអប់រំ បណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ គឺជាអាទិភាពមួយរបស់ខ្លួន ចាប់តាំងពីក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ មកទន្ទឹមនឹងការស្តារនិងការអភិវឌ្ឍប្រទេសជាតិ ពីភាពខ្ទេចខ្ទាំដោយសារសង្គ្រាមស៊ីវិល។ នយោបាយឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្រេចបានជោគជ័យនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ និងការដាក់ចេញនូវកម្មវិធីកំណែទម្រង់មុតស្រួចស៊ីជម្រៅនានាជាប់ជាប្រចាំ គឺជាកត្តាជំរុញឱ្យសេដ្ឋកិច្ចកម្ពុជា មានកំណើនក្នុងអត្រាខ្ពស់ជាមធ្យមប្រមាណ ៧% ក្នុងមួយឆ្នាំក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយ។ បើទោះជាកម្ពុជាបាននិងកំពុងប្រឈមនឹងភាពមិនប្រាកដប្រជាកាន់តែស្រួចស្រាល់ក្នុងបរិការណ៍សកលក៏ដូចជាការរំលោភបំពានមកលើអធិបតេយ្យនិងបូរណភាពទឹកដីយ៉ាងណាក្តី សេដ្ឋកិច្ចកម្ពុជាបានស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស និងបន្តស្ថិតលើមាគ៌ាកំណើនដ៏រឹងមាំ ក្នុងជំហានយ៉ាងស្វាហាប់ ដោយសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៥,៣% ក្នុងឆ្នាំ២០២៥ និងត្រូវបានព្យាករថា នឹងបន្តកំណើនក្នុងរង្វង់ ៤,២% សម្រាប់ឆ្នាំ២០២៦។ កំណើននេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍នៃការវិវឌ្ឍយ៉ាងស្មុគស្មាញនៃសេដ្ឋកិច្ចនិងនយោបាយក្នុងតំបន់ និងសកលលោក។
លទ្ធផលនេះកើតឡើងអាស្រ័យដោយការដាក់ចេញនូវកម្មវិធីនយោបាយនិងគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល សំដៅធ្វើការអភិវឌ្ឍមូលធនមនុស្សដែលមានជំនាញជាចន្ទល់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ គាំទ្រដោយវិស័យឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងមុំទី១គឺ «ការអភិវឌ្ឍមូលធនមនុស្ស» ដែលផ្តោតលើកត្តាសំខាន់បីគឺ មានសុខភាពល្អ មានចំណេះជំនាញពិតប្រាកដ១យ៉ាងតិចក្នុងជីវិត និងមានការងារធ្វើដែលអាចរកប្រាក់ចំណូលជួយគ្រួសារបាន។
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ ដែលក្នុងនោះក៏មានកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យប្រមាណ១,៥ លាននាក់ដោយមិនបង់ថ្លៃនិងទទួលបានប្រាក់ឧបត្ថម្ភថែមទៀត។ ដោយឡែក យុវជន រួមទាំងអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ ព្រមទាំងកម្មករ និយោជិត ក៏អាចចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសនេះបានដែរ។
ជាក់ស្តែង ក្នុងឆ្នាំ២០២៥ កន្លងទៅ រាជរដ្ឋាភិបាលសម្រេចបានការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈនិងហ្វឹកហ្វឺនកូនជាងដល់សិក្ខាកាម សិស្ស និស្សិតនិងកម្មករ និយោជិតគ្រប់កម្រិតសរុបប្រមាណជាង ២០ ម៉ឺននាក់។ ដោយឡែក សម្រាប់ការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យចំនួន១,៥ លាននាក់ បាននិងកំពុងដំណើរការយ៉ាងល្អ ដោយផ្តោតសំខាន់លើវិស័យអាទិភាពចំនួន១០ ដែលមានតម្រូវការទីផ្សារការងារខ្ពស់ រួមទាំង «ជំនាញវិជ្ជាជីវៈដូនតា» ចំនួន១២មុខវិជ្ជាទៀត។ ចាប់តាំងពីការដាក់ឱ្យអនុវត្តនៅឆ្នាំ២០២៤ រហូតដល់ខែមេសា ឆ្នាំ២០២៦នេះ សិស្សដែលបានទទួលការបណ្តុះបណ្តាលមានចំនួនសរុបជាង ២៧ ម៉ឺននាក់ ក្នុងនោះការបណ្តុះបណ្តាលនៅតាមគ្រឹះស្ថានធីវេត ក្រោមឱវាទក្រសួងចំនួនជិត ២៣ម៉ឺននាក់ និងក្រោមមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)ចំនួនជាង៤ម៉ឺននាក់។
លើសពីនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការផ្តល់ការបណ្តុះបណ្តាលសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត១ ដល់បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ រយៈពេល៤ខែ សម្រាប់អ្នកមានអាយុចាប់ពី១៥ឆ្នាំ ដល់៣៥ឆ្នាំ ចំនួន២ម៉ឺន ៥ពាន់នាក់, វគ្គបណ្តុះបណ្តាលតាមលិខិតបញ្ជាក់រយៈពេលខ្លីនៅតាមសហគមន៍សរុបចំនួន២ម៉ឺន ៥ពាន់នាក់ដល់អតីតពលករដែលមានអាយុចាប់ពី៣៥ឆ្នាំឡើង ដើម្បីឱ្យពួកគេអាចមានជំនាញមួយពិតប្រាកដ និងអាចប្រកបរបរចិញ្ចឹមជីវិតដោយខ្លួនឯង, វគ្គបណ្តុះបណ្តាលជំនាញមុនពេលចូលធ្វើការក្នុងវិស័យកាត់ដេរ និងការផ្តល់ការទទួលស្គាល់ជំនាញពីមុន(RPL) ដល់អតីតពលករគោលដៅចំនួន១ម៉ឺននាក់ ដែលបានដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ លើ៨មុខជំនាញក្នុងវិស័យសំណង់ ដោយរាជរដ្ឋាភិបាលជាអ្នកបង់ថ្លៃធ្វើតេស្តជំនួសព្រមទាំងពង្រីកថ្នាក់រៀនចល័ត(តាមរថយន្ត) ដើម្បីទៅបណ្តុះបណ្តាលផ្ទាល់នៅតាមសហគមន៍ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតក្នុងគោលដៅជួយពួកគេឱ្យមានប្រាក់ចំណូលសមរម្យ និងលក្ខខណ្ឌការងារល្អ ជាពិសេសអាចមានឱកាសទទួលបានការគាំពារ និងអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គម។
រាជរដ្ឋាភិបាលក៏កំពុងជំរុញលើកទឹកចិត្តដល់សិស្សានុសិស្ស និងយុវជន ឱ្យមកចុះឈ្មោះចូលរៀន និងជំរុញមាតាបិតា អាណាព្យាបាល ដើម្បីអនុញ្ញាតឱ្យកូនចៅរបស់ខ្លួនមកទទួលការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈឱ្យបានកាន់តែច្រើនឡើងស្របតាមតម្រូវការទីផ្សារការងារ ដើម្បីពួកគេងាយស្រួលទទួលបានការងារធ្វើ ឬប្រកបមុខរបរដោយខ្លួនឯង ដោយទទួលបានប្រាក់ចំណូលសមរម្យនិងមានស្ថិរភាព ដែលអាចរំដោះខ្លួននិងក្រុមគ្រួសារចេញពីភាពក្រីក្រ និងភាពងាយរងហានិភ័យ៕

ដោយ៖ គង់ សិរីរ័ត្ន





