កិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ីនឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសជប៉ុន ចំពេលមានការបិទច្រកសមុទ្រហ័រមុស
AKP ភ្នំពេញ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ -- កិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ីក្នុងវិស័យថាមពលនឹងមានប្រយោជន៍សម្រាប់ប្រទេសជប៉ុន ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយការរំខានដល់ការផ្គត់ផ្គង់ធនធានដោយសារតែការបិទច្រកសមុទ្រហ័រមុស។ នេះបើយោងតាមលោក ស្សូជី នីស៊ីដា សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាចរបស់ប្រទេសជប៉ុនបាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានតាសស៍ (TASS)។
លោកបាននិយាយថា «ការបិទច្រកសមុទ្រហ័រមុសថ្មីៗនេះ បានបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រទេសជប៉ុន ដែល [ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ] បានទទួលប្រេង ៩០% របស់ខ្លួនពីមជ្ឈិមបូព៌ា។ដោយសារតែរឿងនេះ និងការពិតដែលថាប្រទេសជិតខាងរបស់យើង គឺប្រទេសរុស្ស៊ីមានធនធានច្រើន ខណៈដែលប្រទេសជប៉ុនមានបច្ចេកវិទ្យានិងធនធានហិរញ្ញវត្ថុដើម្បីអភិវឌ្ឍន៍វាជាមួយគ្នា ការអភិវឌ្ឍរួមគ្នា និងការចែករំលែកធនធាននឹងផ្តល់ផលប្រយោជន៍ទៅវិញទៅមក [សម្រាប់ទីក្រុងមូស្គូនិងតូក្យូ]»។
នៅពេលសួរអំពីលទ្ធភាពនៃការលើកកម្រិតតម្លៃលើប្រេងរបស់រុស្ស៊ីលោក នីស៊ីដា បានសម្តែងទស្សនៈថា ទីក្រុងវ៉ាស៊ីនតោនកំពុងរារាំងរឿងនេះ។ សមាជិកសភាបានបន្ថែមថា «សហរដ្ឋអាមេរិកកំពុងព្យាយាមទទួលបានការគ្រប់គ្រងលើប្រេង - ការគ្រប់គ្រងជាសកល។ នោះហើយជាមូលហេតុដែលខ្ញុំគិតថាមានសម្ពាធច្រើន [ពីសហរដ្ឋអាមេរិក]»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





