សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការកសាងធនធានមនុស្សឱ្យក្លាយជាធនធានសំខាន់សម្រាប់ប្រទេសជាតិត្រូវយកចិត្តទុកដាក់ទៅលើសុខភាពតាំងពីតូចរហូតដល់ស្លាប់ទៅវិញ
AKP ភ្នំពេញ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦--សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កសាងធនធានមនុស្សមួយឱ្យក្លាយជាធនធានសំខាន់សម្រាប់ប្រទេសជាតិ ត្រូវយកចិត្តទុកដាក់ទៅលើសុខភាព តាំងពីតូចរហូតដល់ស្លាប់ទៅវិញ ធ្វើយ៉ាងណាឱ្យពលរដ្ឋម្នាក់ៗពោរពេញដោយសុខភាពល្អ ជាធនធានរបស់គ្រួសារ មិនមែនជាបន្ទុករបស់គ្រួសារ។

សម្ដេចធិបតី មានប្រសាសន៍ដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» ដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស យុវជន មាតាបិតា អាណាព្យាបាល និងផ្នែកឯកជនឱ្យបានយល់ដឹងអំពីសារៈសំខាន់ នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដែលរៀបចំឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា «កសាងធនធានមនុស្សមួយដែលជាធនធានសំខាន់សម្រាប់ប្រទេសជាតិ ត្រូវយកចិត្តទុកដាក់ទៅលើសុខភាពរបស់គាត់ តាំងពីតូចរហូតដល់គាត់ស្លាប់ទៅវិញ ធ្វើយ៉ាងណាឱ្យពលរដ្ឋម្នាក់ៗពោរពេញដោយសុខភាពល្អ ជាធនធានរបស់គ្រួសារមិនជាបន្ទុករបស់គ្រួសារ ព្រោះសុខភាពមិនល្អជាបន្ទុក ចំណេះដឹងបំណិនក៏ចាំបាច់ មានសុខភាពហើយត្រូវមានសមត្ថភាព មានចំណេះដឹងនិងបំណិន គ្រប់គ្រាន់សម្រាប់ធានានូវការចូលរួមរបស់គាត់នៅក្នុងសង្គម បើមានសុខភាព មានចំណេះដឹងហើយ បើមិនអាចមានលទ្ធភាពនៅក្នុងការប្រើប្រាស់ឬចូលរួមកសាងប្រទេសគ្រប់សក្ដានុពលនោះទេ ក៏មិនកើត»។
សម្ដេចធិបតី បានរម្លឹកថា ពីឆ្នាំ៩០ជាងយើងចេញមកវិស័យឧស្សាហកម្មដំបូងដែលយើងរុញមុនគេ គឺខាងកាត់ដេរ និងកម្មន្តសាល ដែលត្រូវការជំនាញទាប ឥឡូវយើងអភិវឌ្ឍន៍ដល់ Automative ទៅដល់ឧស្សាហកម្មបច្ចេកវិទ្យា បន្តិចទៀត IT ដូច្នេះទាមទារនូវការកសាងធនធានមនុស្សបង្កើតនូវការងារ ឱ្យស្រប យើងមិនអាចបង្រៀន Automative រៀននៅក្នុងស្រុក ហើយយើងមិនអាចជំរុញឱ្យមានរោងចក្រផលិតរថយន្ត ដំឡើងរថយន្តក្នុងស្រុកនោះទេ។
បច្ចុប្បន្ន កម្ពុជាមាន ក្រុមហ៊ុនដំឡើងរថយន្ត៨ មានទាំងរថយន្តធម្មតា ប្រើសាំង ប្រើម៉ាស៊ូត និងមានរថយន្តEV ដែលសិស្សនិស្សិតអាចមានឱកាសការងារល្អៗ ក្រោយពីបញ្ចប់ការសិក្សាជំនាញ ពាក់ព័ន្ធការដំឡើងរថយន្ត៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី





