មិនទុកឱ្យសុខភាពពលរដ្ឋរងហានិភ័យ! អភិបាលស្រុកថ្មពួកដាក់បទបញ្ជាដាច់ណាត់ហាមដាច់ឃាត់ការនាំចូល និងលក់សាច់បង្កកពីប្រទេសសៀម
AKP បន្ទាយមានជ័យ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦--សុខភាពរបស់ប្រជាពលរដ្ឋ គឺជាខ្សែបន្ទាត់ក្រហមដែលមិនអាចរំលងបាន។ នេះជាការបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់របស់លោក រ័ត្ឋ ដាស៊ីណង់ អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកថ្មពួក ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យផ្ទាល់ និងដាក់បទបញ្ជាក្តៅដល់អាជីវករឱ្យបញ្ឈប់ការនាំចូល និងលក់សាច់បង្កក ក៏ដូចជាចំណីអាហារគ្មានប្រភពច្បាស់លាស់ពីប្រទេសសៀម នៅផ្សារចាស់ថ្មពួក។

នៅក្នុងប្រតិបត្តិការដ៏មានសារៈសំខាន់នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នេះ លោក រ័ត្ឋ ដាស៊ីណង់ បានដឹកនាំក្រុមការងាររដ្ឋបាលស្រុក និងអាជ្ញាធរឃុំពាក់ព័ន្ធ ចុះអប់រំ ណែនាំ និងពង្រឹងការអនុវត្តច្បាប់ សំដៅធានាឱ្យបាននូវគុណភាព និងសុវត្ថិភាពចំណីអាហារជូនប្រជាពលរដ្ឋមូលដ្ឋាន។ ចំពោះមុខក្រុមអាជីវករ លោកអភិបាលស្រុកបានសង្កត់ធ្ងន់ថា ការនាំចូលសាច់បង្កក ឬផលិតផលបង្កកដែលគ្មានការត្រួតពិនិត្យគុណភាពត្រឹមត្រូវ និងគ្មានប្រភពច្បាស់លាស់ គឺជារឿងដែលមិនអាចលើកលែងបានឡើយ ព្រោះវាបង្កហានិភ័យខ្ពស់បំផុតដល់សុខភាពអ្នកបរិភោគ តាមរយៈសារធាតុគីមីហាមឃាត់ ឬទំនិញហួសកាលបរិច្ឆេទ។

លោក រ័ត្ឋ ដាស៊ីណង់ បានចេញបទបញ្ជាផ្ទាល់មាត់យ៉ាងម៉ឺងម៉ាត់ថា ចាប់ពីពេលនេះតទៅ អាជីវករទាំងអស់ត្រូវបញ្ឈប់ជាបន្ទាន់នូវការនាំចូល និងចែកចាយសាច់បង្កក ក៏ដូចជាផលិតផលបង្កកគ្រប់ប្រភេទដែលនាំចូលពីប្រទេសសៀម។ យើងមិនអាចយកសុខភាពប្រជាពលរដ្ឋទៅប្រថុយជាមួយទំនិញដែលគ្មានការត្រួតពិនិត្យគុណភាពត្រឹមត្រូវនោះឡើយ។

ទន្ទឹមនឹងវិធានការក្តៅនេះ លោកអភិបាលស្រុកក៏បានព្រមានទុកជាមុនផងដែរថា ប្រសិនបើអាជ្ញាធរនៅតែរកឃើញមានអាជីវករណាបន្តល្មើសនឹងបទបញ្ជានេះ វិធានការរដ្ឋបាល និងច្បាប់នឹងត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹងបំផុតដោយគ្មានការលើកលែងឡើយ។

សកម្មភាពឈរលើផលប្រយោជន៍ពលរដ្ឋរបស់រដ្ឋបាលស្រុកថ្មពួកនាពេលនេះ ទទួលបានការសាទរ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដោយពួកគាត់រំពឹងថា វិធានការនេះនឹងជួយឱ្យទីផ្សារក្នុងស្រុក ក្លាយជាទីផ្សារគំរូប្រកបដោយសុវត្ថិភាពខ្ពស់៕
ដោយ៖ ឈុន សារ៉ាត





