ឯកឧត្តម ម៉ាង ស៊ីណេត: បើចេះ គឺប្រឡងជាប់ បើបាននិទ្ទេស A និងទទួលបានម៉ូតូ ១គ្រឿង
AKP ព្រះសីហនុ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ -- បើចេះ គឺប្រឡងជាប់ ហើយបើបាននិទ្ទេស A និងទទួលបានម៉ូតូចំនួន ១គ្រឿង សម្រាប់ជាកិត្តិយសក្រុមគ្រួសារ សាលារៀន និងក៏ជាកិត្តិយសរបស់រដ្ឋបាលខេត្តព្រះសីហនុ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល ឮនៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០២៥-២០២៦ សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ខាងមុខ នៅសាលាវិទ្យាល័យក្នុងក្រុងព្រះសីហនុ នៅព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ នេះ។

លោកស្រី អ៊ុច សោភា មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បានធ្វើរបាយការណ៍សង្ខេប ស្តីពីការសំណេះសំណាលជាមួយសិស្សានុសិស្សថ្នាក់ទី១២ ក្នុងក្រុងព្រះសីហនុ ដែលមកសាលាពីវិទ្យាល័យសាធារណៈចំនួន៣ និងសាលាវិទ្យាល័យឯកជនចំនួន៤ ដែលមានសិស្សសរុបចំនួន ១.១១៦នាក់ (ស្រី ៥៩៨នាក់) ក្នុងនោះ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសក្រុងព្រះសីហនុ មានចំនួន ៣១១នាក់ (ស្រី ១៧៩នាក់) វិទ្យាល័យ ហ៊ុន សែន មិត្តភាព មានចំនួន ៣០៥នាក់ (ស្រី ១៦៥នាក់) វិទ្យាល័យឃ្លាំងលើ មានចំនួន ១៨៩នាក់ (ស្រី ៩២នាក់) វិទ្យាល័យជីវិត ១៤៣នាក់ (ស្រី ៦៣នាក់) វិទ្យាល័យអន្តរទ្វីប មានចំនួន ៤៨នាក់ (ស្រី ២៥នាក់) វិទ្យាល័យសុវណ្ណភូមិទី១០ ចំនួន ១០១នាក់ (ស្រី ៦០នាក់) និងវិទ្យាល័យអន្តរជាតិ អ៊ីសិន មានចំនួន ១៩នាក់ (ស្រី ១៤នាក់)។

លោកស្រីប្រធានមន្ទីរអប់រំបានបន្តថា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ខេត្តព្រះសីហនុមានបេក្ខជនដាក់ពាក្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំនួន ២.៤២១នាក់ (ស្រី ១.២៧៦នាក់) ក្នុងនោះថ្នាក់វិទ្យាសាស្រ្តមានចំនួន ៤៦៣នាក់ (ស្រី ២៦៤នាក់) និងវិទ្យាសាស្ត្រសង្គមមានចំនួន ១.៩៥៨នាក់ (ស្រី ១.០១២នាក់) ស្មើនឹង ៥មណ្ឌលប្រឡង។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានថ្លែងស្វាគមន៍សិស្សថ្នាក់ទី១២ នៃសាលាវិទ្យាល័យក្នុងក្រុងព្រះសីហនុ ដែលថ្ងៃនេះបានមកជួបសំណេះសំណាលជាមួយប្អូនៗទាំងអស់គ្នា ឈានឆ្ពោះទៅរកការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ខាងមុខ និងសូមឱ្យប្រឡងជាប់ទាំងអស់គ្នា ជាពិសេសទទួលបានលទ្ធផលល្អជាងឆ្នាំកន្លងមក។ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេស ត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា បើមិនបាននិទ្ទេស A យ៉ាងហោចណាស់បាននិទ្ទេស B ឬ C ដែលជាភាពជោគជ័យរបស់ក្មួយ ព្រមទាំងបានថ្លែងអំណគុណចំពោះលោកគ្រូ អ្នកគ្រូ គណៈ នាយក និងសហគមន៍ទាំងអស់ដែលបានចូលរួមអភិវឌ្ឍន៍សាលារៀន និងការប្រមូលធាតុចូលក្នុងការបណ្តុះបណ្តាលធនធានមនុស្សទទួលបានលទ្ធផលល្អ។

ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានបន្តថា ក្រោយពីប្រទេសជាតិបានបញ្ចប់សង្គ្រាម សម្តេចតេជោ និងសម្តេចធិបតី បានដាក់ចេញយុទ្ធសាស្ត្រត្រីកោណ ចតុកោណ និងយុទ្ធសាស្ត្របញ្ចកោណតំណាក់កាលទី១ ដើម្បីកសាងប្រទេសកម្ពុជា។ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា មានចក្ខុវិស័យបង្កើនសេដ្ឋកិច្ចជាតិ ដើម្បីឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ក្នុងការទាក់ទាញអ្នកវិនិយោគមកកាន់កម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកព្រំដែនមួយមានសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងព្រំដែនមួយមានការអភិវឌ្ឍន៍ ដូច្នេះយើងត្រូវរួមគ្នារក្សាសន្តិភាព ដោយស្មើសិទ្ធ ស្មើភាព ក្នុងការថែរក្សាបូរណភាពទឹកដីរបស់យើង ដោយយកច្បាប់មកអនុវត្តជាធំ សូមក្មួយៗសិស្សានុសិស្សត្រូវមានជីវភាពធូរធា ដើម្បីក្លាយជាយុវជនឆ្នើមរស់់នៅក្នុងសង្គមមានសុវត្ថិភាព មានឱកាសសិក្សារៀនសូត្រ និងជាអ្នកបន្តវេនដឹកនាំប្រទេសជាតិ យើងត្រូវតាំងចិត្តឱ្យខ្លួនយើងខ្លាំង ជ្រោងឃឿនឯករាជ្យជាតិ តាមរយៈចំណេះដឹង និងការខិតខំរៀនសូត្រ មានសមត្ថភាព យកចំណេះដឹងទាំងនេះមកអនុវត្តការងារជាក់ស្តែង យើងត្រូវធ្វើជាកូនល្អ សិស្សល្អ ពលរដ្ឋល្អរស់នៅក្នុងសង្គមដែលមានសន្តិភាព និងការអភិវឌ្ឍ ជាពិសេស ក្មួយៗត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងសូមកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ហើយសុខភាព គឺជាកត្តាចម្បងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គម។

ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក៏បានសន្យាជាមួយសិស្សថ្នាក់ទី១២ នៃឆ្នាំសិក្សា២០២៥-២០២៦ ថា ប្រសិនប្រឡងជាប់និទ្ទេស A រដ្ឋបាលខេត្តនឹងផ្តល់ជូនម៉ូតូចំនួន ១គ្រឿង ដូចឆ្នាំកន្លងមកដែរ។ សូមរម្លឹកថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៤-២០២៥ ខេត្តព្រះសីហនុមានបេក្ខជនប្រឡងជាប់និទ្ទេស A ចំនួន ៥៦នាក់ (ស្រី ២៦នាក់)៕
ដោយ៖ ងូ សុមុនី





