ឯកឧត្តម អ៊ុន ចាន់ដា យើងទាំងអស់គ្នាត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ ឱ្យបានខ្ជាប់ខ្ជួនក្នុងការធ្វើដំណើរ
AKP កំពង់ចាម ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ -- ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានធ្វើការអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់បំផុតក្នុងពេលធ្វើដំណើរ ពិសេសបងប្អូនជាសមាជិកសមាគមសេវាដឹកជញ្ជូនទាំងអស់ក្នុងខេត្ត ។

នៅពេលធ្វើអាជីវកម្មដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរ ព្រោះការបើកបរដែលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ គឺជាការបង្ហាញនូវឥរិយាបថសមរម្យ រួសរាយរាក់ទាក់ និងស្មោះត្រង់ចំពោះភ្ញៀវរបស់យើង ក៏ដូចជាទាក់ទាញចិត្តភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពេញចិត្តក្នុងការមកកម្សាន្តនៅក្នុងខេត្តកំពង់ចាមច្រើនឡើង។ យើងមិនត្រូវបើកបរលើសល្បឿនកំណត់ ឬបើកបរក្នុងស្ថានភាពស្រវឹងឡើយ ព្រោះអាយុជីវិតរបស់ភ្ញៀវ និងអ្នកដំណើរស្ថិតនៅលើដៃរបស់អ្នកបើកបរ។ ការអំពាវនាវដូចនេះ ក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្តជួបសំណេះសំណាលជាមួយសមាជិកសមាគមសេវាដឹកជញ្ជូនខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំសាលាខេត្តកំពង់ចាម។

ឯកឧត្តមអភិបាលខេត្ត ក៏បានកោតសរសើរដល់សមាគមសេវាដឹកជញ្ជូនខេត្តកំពង់ចាម ដែលបានខិតខំប្រឹងប្រែងសម្របសម្រួល និងបម្រើសេវាកម្មជូនប្រជាពលរដ្ឋនាពេលកន្លងមក ហើយសង្ឃឹមយ៉ាងមុតមាំថា សមាជិកទាំងអស់នឹងចូលរួមអនុវត្តតាមការណែនាំនេះ ដើម្បីលើកកម្ពស់មុខមាត់ខេត្កកំពង់ចាមរបស់យើង បន្ថែមទៀត។

ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា ការគោរពច្បាប់ចរាចរណ៍មិនត្រឹមតែជាកាតព្វកិច្ចផ្លូវច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាជាការឆ្លុះបញ្ចាំងពីតម្លៃសីលធម៌ និងការរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលជាក្តីកង្វល់របស់រាជរដ្ឋាភិបាល និងសង្គមជាតិទាំងមូល៕

ដោយ៖ ឆាយ ម៉ុត





