សម្ដេចធិបតី ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះច្បាប់អន្តរជាតិ ព្រមទាំងសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ក្នុងការធានាអធិបតេយ្យភាព និង បូរណភាពទឹកដី
AKP ភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦--ក្នុងសេក្ដីថ្លែងការណ៍ នាព្រឹកនេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា ក្នុងសុន្ទរកថាគន្លឹះ ថ្លែងក្នុង «វេទិកាអនាគតរបស់អាស៊ានលើកទី៣» នៅទីក្រុងហាណូយ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះច្បាប់អន្តរជាតិ ព្រមទាំងសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ក៏ដូចជាកិច្ចសន្ទនា ស្មារតីសុចរិតភាព និងការគោរពគ្នាទៅវិញទៅមក គឺជាគន្លឹះ និងជាកត្តាចាំបាច់ក្នុងការធានាថា អធិបតេយ្យភាព បូរណភាពទឹកដី និងខ្សែព្រំដែនអន្តរជាតិត្រូវបានគោរព។
ការណ៍នេះនឹងឈានទៅស្តារឡើងវិញនូវទំនុកចិត្ត ការធានាបាននូវសន្តិភាពយូរអង្វែង និងការអនុញ្ញាតឱ្យប្រជាពលរដ្ឋភៀសសឹកអាចត្រឡប់ទៅផ្ទះសម្បែងវិញប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូព្រមទាំងអាចស្តារជីវភាពរស់នៅជាប្រក្រតីភាពឡើងវិញ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា សេចក្តីសម្រេចនាពេលថ្មីៗនេះរបស់កម្ពុជា ក្នុងការផ្តួចផ្តើមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមក្របខ័ណ្ឌអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ បានបង្ហាញពីបំណងប្រាថ្នាដ៏ស្មោះរបស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយយុត្តិធម៌ និងយូរអង្វែងដែលឈរផ្អែកលើមូលដ្ឋានដ៏រឹងមាំនៃច្បាប់អន្តរជាតិ។
សម្តេចធិបតី បញ្ជាក់ថា កម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងទន្ទឹងរង់ចាំការគាំទ្ររបស់សហគមន៍អន្តរជាតិ រួមទាំងបណ្តាប្រទេសជាសមាជិកអាស៊ាន ចំពោះបទឈប់បាញ់ និងការដោះស្រាយជម្លោះដោយសន្តិវិធីរវាងកម្ពុជានិងថៃ ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន៕

ដោយ៖ គង់ សិរីរ័ត្ន





