ឯកឧត្តម អាន ពេជ្រ ហត្ថដា អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីបទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ
AKP ភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តមបណ្ឌិត អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «បទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ» នាព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅសាលមហោស្រពខេត្តកោះកុង។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ មានលោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង ព្រមទាំងតំណាងក្រសួង និងមន្ទីរជំនាញពាក់ព័ន្ធ រួមមានវិស័យធនធានទឹក រ៉ែ និងថាមពល សេដ្ឋកិច្ច បរិស្ថាន និងសាធារណការ ដែលជាសមាជិកលេខាធិការដ្ឋាន អាជ្ញាធរមូលដ្ឋាន និងតំណាងក្រុមហ៊ុនទទួលអាជ្ញាបណ្ណធ្វើអាជីវកម្មខ្សាច់ក្នុងខេត្ត។

ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងបណ្តុះស្មារតីទទួលខុសត្រូវរួមគ្នា ដោយផ្តោតលើទិដ្ឋភាពសេដ្ឋកិច្ច-សង្គម និងបរិស្ថាន។ ឯកឧត្តមបានសង្កត់ធ្ងន់លើការជំរុញឱ្យស្ថាប័ន អង្គភាពពាក់ព័ន្ធថ្នាក់ក្រោមជាតិ និងបណ្តាក្រុមហ៊ុន-សហគ្រាសទាំងអស់ បង្កើនកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការគ្រប់គ្រងធនធានខ្សាច់ ធានាឱ្យបាននូវការធ្វើអាជីវកម្មស្របតាមបទដ្ឋានបច្ចេកទេស និងបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងរួមគ្នាកាត់បន្ថយ និងលុបបំបាត់ភាពអនាធិបតេយ្យក្នុងអាជីវកម្មខ្សាច់ឱ្យមកនៅកម្រិតអប្បបរមា។

ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ណែនាំដល់បណ្តាស្ថាប័ន អង្គភាពពាក់ព័ន្ធថ្នាក់ក្រោមជាតិ និងគ្រប់ក្រុមហ៊ុន-សហគ្រាសទាំងអស់ ត្រូវសហការគ្នាអនុវត្តតាមបទដ្ឋានបច្ចេកទេសឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីធានាបាននូវការធ្វើអាជីវកម្មខ្សាច់ប្រកបដោយតម្លាភាព ប្រសិទ្ធភាពខ្ពស់ និងប្រសិទ្ធផលយូរអង្វែងសម្រាប់ជាតិ៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម)





