វឌ្ឍនភាពការដ្ឋានគម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀចសម្រេចបានប្រមាណ ២០%ហើយ
AKP ភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃព្រហស្បតិ៍ទី១១ ខែមិថុនា ឆ្នាំ២០២៦ នេះ បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង រួមជាមួយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនសាងសង់ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារជាក់ស្តែងនៅទីតាំងការដ្ឋានគម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច ស្ថិតក្នុងភូមិត្រពាំងថ្មៀរ ឃុំតាសាល និងភូមិសាមគ្គី ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានចុះពិនិត្យលើការងារចាក់កម្រាលបេតុងនៅបាតគ្រឹះសំណង់ទំនប់ ដើម្បីត្រៀមបាញ់បេតុងពង្រឹងគ្រឹះ ទៅក្នុងស្រទាប់ថ្មភ្នំ និងបាតស្ទឹង ព្រមទាំងបានពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់សំណង់ទ្វារទឹក និងសំណង់ទំនប់បង្ហៀរផងដែរ។ ឯកឧត្ដមបានបញ្ជាក់ឱ្យដឹងថា គិតមកទល់ពេលនេះ លទ្ធផលការងារនៃគម្រោងអភិវឌ្ឍន៍ធនធានទឹកទាំងមូល សម្រេចលទ្ធផលបានប្រមាណ ២០%។


ឯកឧត្តមបានសង្កត់ធ្ងន់ និងជំរុញដល់ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក៏ដូចជាក្រុមហ៊ុនសាងសង់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើបទដ្ឋានសុវត្ថិភាពការងារនៅក្នុងការដ្ឋាន ព្រមទាំងត្រូវធានាអនុវត្តការងារសាងសង់ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងគោរពតាមកាលវិភាគពេលវេលាដូចមានចែងក្នុងកិច្ចសន្យាឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីធានាឱ្យបាននូវគុណភាពសំណង់រឹងមាំយូរអង្វែង សម្រាប់បម្រើជាប្រយោជន៍ដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋបានយូរអង្វែងតទៅអនាគត៕



ដោយ៖ ពេជ្រ សំអឿន(ប្រភព៖ក្រសួងធនធានទឹក និងឧតុនិយម)





