ជំនួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយមនាព្រឹកថ្ងៃព្រហស្បតិ៍ទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ ។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងនូវការអបអរសាទរចំពោះ ឯកឧត្តម Steven Pang Chee Wee ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា និងបានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏ជិតស្និទ្ធ និងយូរអង្វែងរវាងកម្ពុជា និងសិង្ហបុរី ក៏ដូចជាកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាក្នុងវិស័យនានាជាច្រើន នាពេលកន្លងមក។


ឯកឧត្តមរដ្ឋមន្ត្រីក៏បានជម្រាបជូនគណៈប្រតិភូពីតួនាទីដ៏ចម្បងរបស់ក្រសួងធនធានទឹក និងឧតុនិយមដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងទឹកសម្រាប់បម្រើឱ្យគ្រប់វិស័យ និងការព្យាករឧតុនិយម ដោយធ្វើការជូនដំណឹងជាមុនពីស្ថានភាពអាកាសធាតុ ព្រមទាំងការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម ដើម្បីធានាបាននូវសន្ដិសុខទឹកឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងជាចលករជំរុញដល់កំណើនសេដ្ឋកិច្ច និងជួយកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។


ដោយ៖ ពេជ្រ សំអឿន(ប្រភព៖ក្រសួងធនធានទឹក និងឧតុនិយម)





