ស្ត្រីមានកូនតូច និងស្ត្រីមានផ្ទៃពោះ ៥២នាក់ ទទួលបានការយល់ដឹងបន្ថែមស្តីពី “អនាម័យជាជំនាញម្ដាយ-កុមារ”
AKP ភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦--លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងក្រុមការងារអញ្ជើញជួបសំណេះសំណាល និងអប់រំផ្សព្វផ្សាយស្តីពី “អនាម័យជាជំនាញម្ដាយ-កុមារ៖ អនាម័យក្នុងផ្ទះ សាលារៀន និងការពារជំងឺរាគ និងជំងឺពោះវៀនសម្រាប់កុមារ” ជូនដល់ស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូចចំនួន ៥២នាក់ ដែលពិធីនេះរៀបចំឡើងនៅមណ្ឌលសុខភាព យន្តមីនជ្រោយស្វាយ ស្ថិតក្នុងភូមិស្រឡៅ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុងនាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ ។

ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងដល់ស្ត្រីជាមាតា អាណាព្យាបាល និងសហគមន៍អំពី អនាម័យជាជំនាញរបស់ម្តាយ និងកុមារ រួមនិងការយល់ដឹងពីវិធានសំខាន់ៗក្នុងការថែទាំសុខភាពមាតា និងកុមារ ព្រោះថា សុខភាពមាតា និងកុមារ គឺជាគ្រឹះដ៏សំខាន់ក្នុងការកសាងមូលធនមនុស្សប្រកបដោយគុណភាពសម្រាប់សង្គមជាតិ ពិសេសគឺ ផ្ដល់ចំណេះដឹងយ៉ាងលម្អិតអំពី “អនាម័យជាជំនាញម្ដាយ-កុមារ៖ អនាម័យក្នុងផ្ទះ សាលារៀន និងការពារជំងឺរាគ និងជំងឺពោះវៀនសម្រាប់កុមារ” តាមរយៈការអនុវត្តតាមវិធាន «រស់នៅស្អាត ៣យ៉ាង» គឺ (ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត) ព្រមទាំងវិធីសាស្ត្រការពារកុមារតូចៗពីជំងឺរាគ គ្រុនចាញ់ គ្រុនឈាម ជំងឺគ្រុនផ្តាសាយ និងជំងឺគ្រុនពោះវៀនជាដើម ដែលជាក្តីបារម្ភទូទៅនៅក្នុងសហគមន៍។ ដោយឡែក នៅក្នុងអំឡុងពេលមានផ្ទៃពោះ ស្ត្រីជាមាតាត្រូវយកចិត្តទុកដាក់ទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់យ៉ាងតិច ៤ដង តាមការណែនាំរបស់គ្រូពេទ្យ ត្រូវទទួលទានអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ និងត្រូវសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដើម្បីសុវត្ថិភាព។ ក្រោយពេលសម្រាល ទារកត្រូវតែទទួលបានការបំបៅដោយទឹកដោះម្តាយតែមួយមុខគត់ចាប់ពីពេលកើតភ្លាមរហូតដល់អាយុ ៦ខែ និងបន្តបំបៅរហូតដល់អាយុ ២ឆ្នាំ រួមផ្សំជាមួយអាហារបន្ថែម ព្រមទាំងនាំទារកទៅចាក់វ៉ាក់សាំងការពារជំងឺផ្សេងៗឱ្យបានគ្រប់ចំនួន។


ស្ត្រីជាមាតាទាំងអស់ ក៏ទទួលបានចំណេះដឹងអំពីវិធីសាស្ត្រការពារខ្លួនពីជំងឺឆ្លងនានា ដែលជាប្រភេទជំងឺឆ្លងរាលដាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ឬពីសត្វមកមនុស្ស តាមរយៈភ្នាក់ងារចម្លងផ្សេងៗដូចជា បាក់តេរី វីរុស ប៉ារ៉ាស៊ីត និងផ្សិត មានដូចជាជំងឺអេដស៍ ជំងឺស្វាយ ជំងឺរលាកថ្លើម និងជំងឺផ្តាសាយជាដើម។ ដោយឡែកចំពោះវិធានការគន្លឹះក្នុងការទប់ស្កាត់ជំងឺមិនឆ្លងចម្បងៗរួមមាន ជំងឺលើសសម្ពាធឈាម ទឹកនោមផ្អែម ជំងឺបេះដូង និងសរសៃឈាម និងជំងឺមហារីកជាដើម ដែលទាមទារឱ្យមានការកែប្រែទម្លាប់រស់នៅជាវិជ្ជមាន ដោយការទទួលទានបន្លែផ្លែឈើ ទទួលទានស្ករតិចអំបិលតិច ខ្លាញ់តិច, ឈប់ជក់បារី, ឈប់ទទួលទានគ្រឿងស្រវឹង, ហាត់ប្រាណឱ្យបានទៀងទាត់, និងពិនិត្យសុខភាពជាប្រចាំ។


ក្នុងពិធីក៏បានផ្ដល់អំណោយមនុស្សធម៌ក្នុងម្នាក់ៗម្នាក់ៗទទួលបាន៖ អង្ករ ១០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, កន្សែងពោះគោ ១, សារុង១, សាប៊ូដុសខ្លួន ១ដប, អង្ករសុខភាព ៥កញ្ចប់ និងថវិកា ២០.០០០រៀលផងដែរ៕
ដោយ៖ ពេជ្រ សំអឿន(ប្រភព៖កាកបាទក្រហមកម្ពុជា)





