ឯកឧត្តម គួច ចំរើន ជួបសំណេះសំណាលជាមួយ ក្រុមភ្លេងយុវជនកាយឫទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួត ថ្នាក់ជាតិលើកទី៣
AKP កណ្តាល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល នៅល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមភ្លេង យុវជនកាយឫទ្ធិខេត្តកណ្ដាល ចំនួន ៥៥នាក់ មុនចេញទៅប្រកួតក្រុមភ្លេងកាយឫទ្ធិ ថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយឫទ្ធិ ដើម្បីសន្តិភាព និងការអភិវឌ្ឍ» ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នៅរាជធានីភ្នំពេញ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះដែរ ឯកឧត្ដម គួច ចំរើន បានលើកឡើងថា ការប្រកួតក្រុមភ្លេងកាយឫទ្ធិថ្នាក់ជាតិលើកទី៣ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ក្រោមការដឹកនាំរបស់បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា គឺជាប្រធានកាយឫទ្ធិជាតិកម្ពុជា ក្នុងគោលបំណង អភិវឌ្ឍន៍សមត្ថភាពយុវជនកាយឫទ្ធិ ឱ្យមានសក្ដានុពល ពេញលេញផ្នែកផ្លូវកាយ ផ្លូវបញ្ញា ផ្លូវសង្គម ផ្លូវចិត្ត ផ្លូវអារម្មណ៍ ព្រមទាំង ចូលរួមរក្សាក្រុមភ្លេងកាយឫទ្ធិឱ្យមាននិរន្តរភាព ជាពិសេសលើកទឹកចិត្តដល់យុវជនកាយឫទ្ធិឱ្យខិតខំប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាព។

ឯកឧត្ដម បានផ្តាំផ្ញើឱ្យថ្នាក់ដឹកនាំ និងក្រុមយុវជនកាយឫទ្ធិទាំងអស់ បន្តខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ធ្វើយ៉ាងណាត្រូវមានសាមគ្គីភាពក្នុងក្រុមកុំឱ្យអវត្តមានពេលប្រកួត ព្រមទាំងពេលធ្វើដំណើរ ពេលហូបចុកត្រូវមានវិន័យជានិច្ច និងសម្រេចឱ្យបានទាន់ពេលវេលាកំណត់របស់គណៈកម្មការកំណត់ ដើម្បីទទួលបានជ័យលាភីល្អជាងឆ្នាំមុនៗ និងបន្តអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនស្របតាមគោលបំណង គោលការណ៍ និងវិធីនៃចលនាកាយឫទ្ធិ ព្រមទាំង ត្រូវបន្តពង្រឹងការគោរពវិន័យច្បាប់កាយឫទ្ធិ និងពង្រីកការធ្វើអំពើល្អ សំដៅកសាងជនគំរូ ក្នុងជួរយុវជនឱ្យបានកាន់តែច្រើន ឡើង ដើម្បីឱ្យសមាជិកកាយឫទ្ធិទាំងអស់ក្លាយជាពលរដ្ឋល្អ និងមានសមត្ថភាពគ្រប់គ្រាន់ មានស្មារតីទទួលខុសត្រូវខ្ពស់ និងជាអ្នកបន្តវេនដ៏មានប្រសិទ្ធភាពក្នុងកិច្ចការអភិវឌ្ឍសហគមន៍ និងប្រទេសជាតិ ។ សូមរំលឹកថា ការប្រកួតរបស់ក្រុមភ្លេងយុវជនកាយឫទ្ធិខេត្តកណ្ដាល កាលពីឆ្នាំ២០២៥ បានទទួលជ័យលាភីលេខ ៣ ទូទាំងប្រទេសផងដែរ ៕

ដោយ៖ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





