ស្រុកមង្គលបូរី បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសារទឹក និងអុតក្តាមសត្វគោ ក្របី ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនាដើមរដូវវស្សា
AKPបន្ទាយមានជ័យថ្ងៃទី១១ខែមិថុនាឆ្នាំ២០២៦--ក្នុងគោលបំណងកាត់បន្ថយហានិភ័យ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺឆ្លងនានាលើសត្វពាហនៈដែលតែងតែកើតមាននៅរដូវវស្សា ក្រុមមន្ត្រីជំនាញនៃស្រុកមង្គលបូរី បានចុះអនុវត្តយុទ្ធ នាការចាក់វ៉ាក់សាំងការពារជំងឺសារទឹក និងអុតក្តាម ជូនដល់សត្វគោ ក្របីរបស់ប្រជាពលរដ្ឋយ៉ាងសកម្មនៅក្នុងមូល ដ្ឋាន។

កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ លោក អ៊ីវ វណ្ណា អនុប្រធានរួម ព្រមទាំងមន្ត្រីជំនាញការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកមង្គលបូរី សហការជាមួយអាជ្ញាធរឃុំបត់ត្រង់ មន្ត្រីកសិកម្មឃុំ និងភ្នាក់ងារសុខភាពសត្វភូមិ បានចុះដល់មូលដ្ឋានដើម្បីចាក់វ៉ាក់សាំងការពារជំងឺសារទឹក និងអុតក្តាម ជូនសត្វគោរបស់ប្រជា ពលរដ្ឋក្នុងឃុំបត់ត្រង់ ដែលគិតមកទល់ពេលនេះសម្រេចបានចំនួន ១៧០ ក្បាល។

សារៈសំខាន់នៃការចាក់វ៉ាក់សាំង និងការយកចិត្តទុកដាក់ពីមន្ត្រីជំនាញថ្លែងក្នុងឱកាសនោះ លោក អ៊ីវ វណ្ណា បានបញ្ជាក់យ៉ាងច្បាស់ថា យុទ្ធនាការនេះមិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែជាការអនុវត្តផែនការជាប្រចាំរបស់ជំនាញ ដើម្បីធានាបាននូវសុវត្ថិភាពសុខភាពសត្វពាហនៈរបស់ប្រជាពលរដ្ឋ នៅពេលដែលរដូវវស្សាបានឈានចូលមកដល់ ដែលជាកាលៈទេសៈងាយបង្កឱ្យមានមេរោគឆ្លង។
លោកបានសង្កត់ធ្ងន់ថា«ការចាក់វ៉ាក់សាំងគឺជាជញ្ជាំងការពារដ៏រឹងមាំបំផុតមួយ ដើម្បីកាត់បន្ថយអត្រាឈឺ និងងាប់នៃសត្វគោ ក្របី។ បើសត្វឈឺ វាមិនត្រឹមតែប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសាររបស់ពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កជាការឆ្លងរាលដាលទ្រង់ទ្រាយធំក្នុងមូលដ្ឋានថែមទៀតផង»។
បន្ថែមពីលើការចាក់ថ្នាំបង្ការ លោក អ៊ីវ វណ្ណា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋម្ចាស់សត្វគោ ក្របី ទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការថែទាំអនាម័យក្នុងក្រោល និងតាមដានសុខភាពសត្វជាប្រចាំ។ ក្នុងករណីសត្វមានសញ្ញាខុសប្រក្រតី ត្រូវប្រញាប់រាយការណ៍ជូនមន្ត្រីពេទ្យសត្វ ឬអាជ្ញាធរមូលដ្ឋានភ្លាមៗ ដើម្បីចុះអន្តរាគមន៍ទាន់ពេលវេលា។
ប្រជាពលរដ្ឋដែលជាម្ចាស់សត្វគោ ក្របី ក្នុងឃុំបត់ត្រង់ បានបង្ហាញអារម្មណ៍រីករាយ និងសាទរចំពោះសកម្មភាពរបស់អាជ្ញាធរ។ ពលរដ្ឋម្ចាស់គោបានលើកឡើងថា«ពួកយើងមានភាពកក់ក្តៅខ្លាំងណាស់ ដែលមន្ត្រីជំនាញចុះមកចាក់ថ្នាំដល់ផ្ទះដោយផ្ទាល់បែបនេះ វាជួយឱ្យពួកយើងមានទំនុកចិត្តលើសុខភាពសត្វ មិនបារម្ភខ្លាចជំងឺឆ្លងកាត់មកលើសត្វគោរបស់យើងទៀត»។
គួរជម្រាបថា យុទ្ធនាការនេះនឹងបន្តអនុវត្តជាបន្តបន្ទាប់នៅគ្រប់មូលដ្ឋានទូទាំងស្រុកមង្គលបូរី ដើម្បីធានាបាននូវការការពារសុខភាពសត្វពាហនៈបានគ្រប់ជ្រុងជ្រោយ ព្រមទាំងចូលរួមចំណែ កការពារសេដ្ឋកិច្ចរបស់ប្រជាកសិករឱ្យកាន់តែរឹងមាំ៕
ដោយ៖ឈុនសារ៉ាត





