អាជ្ញាធរខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំផ្សព្វផ្សាយសណ្ដាប់ធ្នាប់និងសម្រួលចាចរណ៍នៃរោងចក្រដែលមានទីតាំងជាប់ផ្លូវជាតិលេខ៥
AKP កំពង់ឆ្នាំង ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦--លោក ជា សុខរិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំង បានលើកឡើងនៅក្នុងកិច្ចប្រជុំស្ដីពីផ្សព្វផ្សាយសណ្ដាប់ធ្នាប់និងសម្រួលចាចរណ៍នៃរោងចក្រដែលមានទីតាំងជាប់ផ្លូវជាតិលេខ៥ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នៅសាល់ប្រជុំសាលាខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកនាយកទីចាត់ការអន្តរវិស័យ តំណាងមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងលោក លោកស្រីម្ចាស់រោងចក្រសហគ្រាសផងដែរ។

ក្នុងឱកាសនោះលោក ជា សុខរិទ្ធិ បានលើកឡើងថា បងប្អូនប្រជាពលរដ្ឋយើងមួយចំនួន រួមទំាងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅមិនទាន់មានការគោរ ពច្បាប់ចរាចរណ៍ បានត្រឹមត្រូវនៅឡើយទេ ដូចជា ការមិនពាក់មួកសុវត្ថិភាពក្នុងពេលបើកបរទោចក្រយានយន្ត ក្នុងពេលគ្រោះថ្នាក់ចរាចរណ៍បានបង្កឱ្យស្លាប់ និងរបួសជារៀងរាល់ឆ្នាំ ។ អ្នកធ្វើដំណើរទំាងអស់ ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជាពិសេសមន្ត្រីរាជការ និងកងកម្លំាងប្រដាប់អាវុធ ត្រូវធ្វើជាគំរូឈានមុខគេ ក្នុងការគោរពច្បាប់ចរាចរណ៍ ។ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបានជំរុញឱ្យផ្លាស់ប្តូរឥរិយាបថ ដែលធ្លាប់តែមិនគោរពច្បាប់ ងាកមកខិតខំរួមគ្នាគោរពច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីថែរក្សាអាយុជីវិតមនុស្ស ជាពិសេសអ្នកបើកបរម៉ូតូ ត្រូវពាក់មួកសុវត្ថិភាពឱ្យបានគ្រប់គ្នា ចំពោះអ្នកដែលជាទីស្រឡាញ់ និងជាបង្គោលក្នុងគ្រួសារ និងថែរក្សាសង្គមឱ្យមានសុវត្ថិ ភាព ដើម្បីទ្រទ្រង់ជីវភាពគ្រួសារនិងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនប្រកបដោយចីរភាព។

ទន្ទឹមនឹងនេះលោកបានសង្កត់ធ្ងន់ថា ម្ចាស់រោងចក្រដែលមានទីតាំងស្ថិតនៅជាប់ផ្លូវជាតិលេខ៥ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតទាបនោះ ត្រូវបន្តធ្វើការផ្សព្វផ្សាយអោយបានច្រើនបន្ថែមទៀត រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនិងមានវិន័យយ៉ាងតឹងរឹងបំផុតចំពោះកម្មករក្រោយម៉ោងសម្រាកពីការងារចេញពីរោងចក្រ ដែលធ្វើដំណើរលើផ្លូវជាតិនៅមុខរោងចក្រជាដើម។ ការពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវ៉ាត់រថ យន្ត ពេលបើកបរ និង បំផុសអោយមានការចូលរួមអោយកាន់តែច្រើនក្នុងការអនវុត្តច្បាប់ចរាចរណ៍ផ្លូវគោក។

ថ្លែងក្នុងបរិបទនេះលោកអភិបាលរងបានបញ្ជាក់ទៀតថា ការធ្វើសួនសិប្បនិមិ្មតសុវត្ថិភាពចរាចរណ៍គឺបង្ហាញដល់សាធារណៈជនឱ្យចូលរួមគឺដើម្បីពង្រឹងការយល់ដឹងអំពីច្បាប់ ការគោរពសិទ្ធិអាទិភាព បច្ចេកទេស និងក្រមសីលធម៌នៃការបើកបរ ដល់សិស្សានុសិស្ស និងសាធារណជនទូទៅ ក្នុងគោលបំណងធានាសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងការពារអាយុជីវិត៕

ដោយ៖ បៃ ស៊ីថុន





