មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ យុវជនកម្ពុជាត្រូវត្រៀមខ្លួនក្លាយជាអ្នកបង្កើតនវានុវត្តន៍ ជាយុវសហគ្រិន និងជាអ្នកដឹកនាំការផ្លាស់ប្ដូរ
AKP ភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦--យុវជនកម្ពុជាត្រូវត្រៀមខ្លួនក្លាយជាអ្នកបង្កើតនវានុវត្តន៍ ជាយុវសហគ្រិន និងជាអ្នកដឹកនាំការផ្លាស់ប្ដូរ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ចំណេះដឹង និងភាពច្នៃប្រឌិត ដើម្បីដោះស្រាយបញ្ហាសង្គម និងរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិប្រកបដោយបរិយាបន្ន និងនិរន្តរភាព។ នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត កុលផេង វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ការអភិវឌ្ឍន៍គម្រោងអាជីវកម្មឌីជីថល» នៃកម្មវិធីយុវជន២១ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការចាប់ផ្ដើមអាជីវកម្មបច្ចេកវិទ្យារបស់យុវជន៖ គំនិតវ័យក្មេង ការផ្លាស់ប្ដូរពិត» ដែលរៀបចំឡើងដោយនាយកដ្ឋានអប់រំយុវជន និងកុមារ នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា នៅមជ្ឈមណ្ឌលជាតិយុវជនខេត្តសៀមរាប ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦។

គួរបញ្ជាក់ផងដែរថា កម្មវិធីបណ្ដុះបណ្ដាលនេះនឹងប្រព្រឹត្តទៅរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ដោយមានសាកលវិទ្យាល័យ និងវិទ្យាស្ថានចំនួន១០ចូលរួម រួមមាន៖ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលកងយោធពលខេមរភូមិន្ទ សាកលវិទ្យាល័យអាស៊ីអឺរ៉ុប សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សាកលវិទ្យាល័យកម្ពុជា សាកលវិទ្យាល័យពុទ្ធិសាស្ត្រ និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕


ដោយ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





