សហរដ្ឋអាមេរិក និងហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការលើការឆ្លើយតបនឹងគ្រោះមហន្តរាយ និងសន្តិសុខតាអ៊ីនធឺណិត
AKP ភ្នំពេញ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ -- កងកម្លាំងប្រដាប់អាវុធហ្វីលីពីន (AFP) និងបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិកសហរដ្ឋអាមេរិក (USINDOPACOM) កំពុងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបនឹងគ្រោះមហន្តរាយ និងសន្តិសុខតាមអ៊ីនធឺណិត តាមរយៈសមយុទ្ធរួមគ្នាជាបន្តបន្ទាប់ ខណៈដែលតំបន់នេះបន្តប្រឈមមុខនឹងគ្រោះមហន្តរាយធម្មជាតិញឹកញាប់ និងបញ្ហាប្រឈមសន្តិសុខមិនមែនប្រពៃណីកាន់តែស្មុគស្មាញ។
សមយុទ្ធ «Tempest 41-2026» បានចាប់ផ្តើមជាផ្លូវការកាលពីថ្ងៃទី០៥ ខែមិថុនា ក្រោមក្របខ័ណ្ឌនៃកម្មវិធីក្រុមបង្កើនផែនការពហុជាតិ (MPAT)។ សមយុទ្ធនេះមានគោលបំណងបង្កើនសមត្ថភាពសម្របសម្រួលក្នុងប្រតិបត្តិការជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ។
លោកវរសេនីយ៍ឯក សឺរសេស ទ្រីនីដេដ ប្រធានការិយាល័យកិច្ចការសាធារណៈរបស់កងកម្លាំង AFP បាននិយាយថា សមយុទ្ធនេះបានប្រមូលផ្តុំអ្នកតំណាងមកពីបណ្តាប្រទេសជាសមាជិកកម្មវិធី MPAT ចំនួន១៧ ក៏ដូចជាអង្គការមនុស្សធម៌ និងភ្នាក់ងារស៊ីវិលផងដែរ។ សកម្មភាពទាំងនេះផ្តោតទៅលើការធ្វើផែនការឆ្លើយតបនឹងវិបត្តិ ការកែលម្អអន្តរប្រតិបត្តិការក្នុងចំណោមកងកម្លាំងចូលរួម និងពង្រឹងយន្តការសម្របសម្រួលសម្រាប់គ្រោះមហន្តរាយធម្មជាតិទ្រង់ទ្រាយធំ និងស្ថានភាពអាសន្ន។
កម្មវិធី MPAT ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០០ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធា និងការឆ្លើយតបនឹងវិបត្តិនៅទូទាំងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ បច្ចុប្បន្ន កម្មវិធីនេះរួមមានប្រទេសជាសមាជិកចំនួន៣១ ដែលរួមមានទាំងប្រទេសហ្វីលីពីន សហរដ្ឋអាមេរិក ជប៉ុន សាធារណរដ្ឋកូរ៉េ សិង្ហបុរី ចក្រភពអង់គ្លេស បារាំង កាណាដា អាល្លឺម៉ង់ និងនូវែលសេឡង់។
ការចូលរួមក្នុងសមយុទ្ធ Tempest 41-2026 គឺមានសារៈសំខាន់ជាពិសេស ដោយសារយោធាហ្វីលីពីនបម្រើជាកម្លាំងចម្បងរបស់ប្រទេសសម្រាប់ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ គ្រោះមហន្តរាយ និងជំនួយមនុស្សធម៌។ សមយុទ្ធនេះក៏គាំទ្រដល់វិធីសាស្រ្តទូលំទូលាយរបស់រដ្ឋាភិបាលហ្វីលីពីនចំពោះការគ្រប់គ្រង និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយផងដែរ។
បន្ថែមពីលើកិច្ចសហប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ យោធាហ្វីលីពីន និងសហរដ្ឋអាមេរិកក៏កំពុងពង្រីកកិច្ចសហការក្នុងសន្តិសុខតាមអ៊ីនធឺណិតផងដែរ។
កងទ័ពហ្វីលីពីនទើបតែបានបញ្ចប់សមយុទ្ធរយៈពេលបីសប្តាហ៍ជាមួយកងទ័ពសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក (USARPAC) ក្រោមដំណាក់កាលទី២ នៃសមយុទ្ធយោធា Salaknib៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





