ប្រធានាធិបតីទីម័រឡេស្តេចែករំលែកចក្ខុវិស័យសម្រាប់ការកសាងសន្តិភាព និងសមាហរណកម្មអាស៊ាន
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ -- ប្រធានាធិបតីទីម័រឡេស្តេលោក ចូសេ រ៉ាម៉ូស-ហូតា បានចែករំលែកការឆ្លុះបញ្ចាំងយ៉ាងស៊ីជម្រៅអំពីភាពជាអ្នកដឹកនាំ ការផ្សះផ្សា និងកិច្ចសហប្រតិបត្តិការក្នុងតំបន់នៅក្នុងពិភពលោកដ៏ស្មុគស្មាញកាន់តែខ្លាំងឡើង ក្នុងអំឡុងពេលនៃការបង្រៀនអំពីភាពជាអ្នកដឹកនាំនៅទីក្រុងហ្សាការតាកាលពីពេលថ្មីៗនេះ ដែលរៀបចំឡើងដោយសាលារដ្ឋាភិបាល ERIA ក្រោមវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA)។
ដោយផ្អែកលើបទពិសោធន៍របស់លោកជាអ្នកការទូត និងជាអ្នកទទួលរង្វាន់ណូបែលសន្តិភាព លោក រ៉ាម៉ូស-ហូតា បានលើកឡើងពីដំណើរការផ្សះផ្សារវាងទីម័រឡេស្តេ និងឥណ្ឌូណេស៊ី ជាគំរូសម្រាប់ការកសាងសន្តិភាព។ លោកបានកោតសរសើរដល់អតីតមេដឹកនាំឥណ្ឌូណេស៊ីចំពោះការរួមចំណែករបស់ពួកគេក្នុងការធ្វើឱ្យទំនាក់ទំនងទ្វេភាគីមានលក្ខណៈប្រក្រតីឡើងវិញ ដោយលោកបានសង្កត់ធ្ងន់ថា មិត្តភាព និងកិច្ចសហប្រតិបត្តិការ ទីបំផុតបានយកឈ្នះលើការបែកបាក់កន្លងមក និងបានដាក់ជាមូលដ្ឋានគ្រឹះសម្រាប់ស្ថិរភាពរបស់តំបន់អាស៊ីអាគ្នេយ៍នាពេលបច្ចុប្បន្ន។
លោកបាននិយាយថា ស្ថិរភាពតំបន់ពិតប្រាកដមិនមែនគ្រាន់តែជាអវត្តមាននៃអរិភាពនោះទេ ប៉ុន្តែជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងដោយចេតនា និងរួមបញ្ចូល ដើម្បីប្រែក្លាយសត្រូវប្រវត្តិសាស្ត្រទៅជាដៃគូប្រកបដោយចីរភាព។
ដោយលើកឡើងពីចំណុចក្តៅគគុករបស់សកលលោកនាពេលបច្ចុប្បន្ន រួមទាំងជម្លោះនៅមជ្ឈិមបូព៌ា និងមីយ៉ាន់ម៉ា លោកប្រធានាធិបតី រ៉ាម៉ូស-ហូតា បានបញ្ជាក់សារជាថ្មីនូវជំនឿរបស់លោកថា កិច្ចសន្ទនា និងការចូលរួមការទូតប្រកបដោយចីរភាពនៅតែជាមធ្យោបាយតែមួយគត់ដែលអាចដោះស្រាយជម្លោះស្មុគស្មាញ។ លោកបានព្រមានអំពីវិធីសាស្រ្តដែលផ្តល់អាទិភាពដល់ការប្រឈមមុខដាក់គ្នាជាជាងការផ្សះផ្សា។
ទាក់ទងនឹងការធ្វើសមាហរណកម្មក្នុងតំបន់ លោកបាននិយាយថា ទីម័រឡេស្តេបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមចំណែកបទពិសោធន៍របស់ខ្លួនក្នុងការផ្សះផ្សា និងការកសាងប្រទេសជាតិ ដើម្បីគាំទ្រដល់ការអភិវឌ្ឍរបស់អាស៊ាន។ លោកបានកត់សម្គាល់ថា អាស៊ានបានបង្ហាញពីរបៀបដែលប្រទេសដែលមានប្រវត្តិសាស្ត្រ វប្បធម៌ និងប្រព័ន្ធនយោបាយខុសៗគ្នា អាចធ្វើការរួមគ្នាដើម្បីសម្រេចគោលដៅរួម។
ទីម័រឡេស្តេទទួលបានឯករាជ្យនៅឆ្នាំ២០០២ បន្ទាប់ពីការតស៊ូដ៏យូរអង្វែង និងច្របូកច្របល់។ តាមរយៈកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត និងការប្តេជ្ញាចិត្តចំពោះការផ្សះផ្សា ចាប់តាំងពីពេលនោះមក វាបានកសាងភាពជាដៃគូដ៏រឹងមាំជាមួយប្រទេសជិតខាងឥណ្ឌូណេស៊ី។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ មេដឹកនាំអាស៊ានបានយល់ព្រមជាគោលការណ៍ក្នុងការទទួលយកទីម័រឡេស្តេជាសមាជិកទី១១ របស់ប្លុក។ ប្រទេសនេះបានចូលរួមជាផ្លូវការជាមួយអាស៊ាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅទីក្រុងគូឡាឡាំពួររបស់ប្រទេសម៉ាឡេស៊ី នៅក្នុងខែតុលា ឆ្នាំ២០២៥៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





