ម៉ាឡេស៊ីពន្លឿនការផ្លាស់ប្តូរថាមពល
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ -- ភាពជាដៃគូយុទ្ធសាស្ត្ររវាងរដ្ឋាភិបាល ឧស្សាហកម្ម និងស្ថាប័នហិរញ្ញវត្ថុ គឺមានសារៈសំខាន់ណាស់ក្នុងការពន្លឿនការផ្លាស់ប្តូរថាមពលរបស់ប្រទេសម៉ាឡេស៊ី។ នេះបើយោងតាមលោក ហ្វាឌីលឡោះ យូសូហ្វ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងថាមពល និងការផ្លាស់ប្តូរទឹកម៉ាឡេស៊ី បានថ្លែងនៅក្នុងសន្និសីទផ្លាស់ប្តូរថាមពលឆ្នាំ២០២៦ (ETCon26) នៅទីក្រុងគូឡាឡាំពួរ កាលពីពេលថ្មីៗនេះ។
ថ្លែងនៅក្នុងពិធីបើកសន្និសីទ ETCon26 លោក ហ្វាឌីលឡោះ យូសូហ្វ បានសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរថាមពលមិនមែនគ្រាន់តែជាការផ្លាស់ប្តូរបច្ចេកវិទ្យានោះទេ ប៉ុន្តែនៅក្នុងស្នូលរបស់វា វាជាបញ្ហាសុខុមាលភាព និងវិបុលភាពរបស់ប្រជាជន។
លោកបានកត់សម្គាល់ថា សម្រាប់ទាំងប្រទេសម៉ាឡេស៊ី និងអាស៊ានការផ្លាស់ប្តូរនេះមិនត្រឹមតែជាតម្រូវការបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាភាពចាំបាច់ផ្នែកសេដ្ឋកិច្ច និងជាអាទិភាពយុទ្ធសាស្ត្រផងដែរ។
យោងតាមលោកឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ជម្រើសដែលបានធ្វើឡើងនៅថ្ងៃនេះ នឹងកំណត់ពីភាពប្រកួតប្រជែងនៃឧស្សាហកម្ម និងសុខុមាលភាពរបស់មនុស្សជំនាន់ក្រោយៗទៀតសម្រាប់សហស្សវត្សរ៍ខាងមុខ។
លោក យូសូហ្វ បាននិយាយថា តាមរយៈក្រុមហ៊ុនប្រើប្រាស់ជាតិTenaga Nasional Berhad (TNB) ប្រទេសម៉ាឡេស៊ីមានគម្រោងវិនិយោគទឹកប្រាក់ចំនួន ៤៣ពាន់លានរីងហ្គីត (១០,៧ពាន់លានដុល្លារអាម៉េរិក) រវាងឆ្នាំ២០២៥ និងឆ្នាំ២០២៧ ដើម្បីធ្វើទំនើបកម្ម និងពង្រឹងបណ្តាញអគ្គិសនីរបស់ខ្លួន។ ការវិនិយោគនេះនឹងរួមបញ្ចូលនូវការធ្វើសមាហរណកម្មបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ការបង្កើនល្បឿននៃគំនិតផ្តួចផ្តើមថាមពលកកើតឡើងវិញ និងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញរបៀបវារៈអន្តរកាលថាមពលរបស់ប្រទេស។
លោកបានកត់សម្គាល់ថា តម្រូវការអគ្គិសនីនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ត្រូវបានគេព្យាករថានឹងកើនឡើងពី ៤% ទៅ ៥% ជារៀងរាល់ឆ្នាំក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ ដែលជំរុញដោយឧស្សាហូបនីយកម្មយ៉ាងឆាប់រហ័ស និងនគរូបនីយកម្ម។ តម្រូវការក៏កំពុងត្រូវបានជំរុញដោយវិស័យកំណើនថ្មីៗផងដែរ រួមទាំងហេដ្ឋារចនាសម្ព័ន្ធឌីជីថល យានយន្តអគ្គិសនី តម្រូវការត្រជាក់ និងមជ្ឈមណ្ឌលទិន្នន័យដែលដំណើរការដោយបញ្ញាសិប្បនិម្មិត។
ដើម្បីបំពេញតម្រូវការថាមពលដែលកំពុងកើនឡើងទាំងនេះ លោកបានគូសបញ្ជាក់ពីគំនិតផ្តួចផ្តើមបណ្តាញអគ្គិសនីអាស៊ានថាជាឧទាហរណ៍ដ៏រឹងមាំមួយនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់។ លោកបានបន្ថែមថា គំនិតផ្តួចផ្តើមនេះបង្ហាញពីរបៀបដែលរដ្ឋជាសមាជិកអាស៊ានអាចធ្វើការរួមគ្នាដើម្បីសម្រួលដល់ពាណិជ្ជកម្មអគ្គិសនីឆ្លងកាត់ព្រំដែន បង្កើនសន្តិសុខថាមពលក្នុងតំបន់ និងគាំទ្រដល់អនាគតថាមពលប្រកបដោយចីរភាពសម្រាប់តំបន់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





