លោក ពូទីន៖ រុស្ស៊ីត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ុយក្រែន
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ -- ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចដើម្បីឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ុយក្រែនតាមរយៈមធ្យោបាយសន្តិភាព ហើយមានឆន្ទៈក្នុងការទទួលយកការសម្របសម្រួល។
នៅក្នុងកិច្ចប្រជុំជាមួយប្រធានទីភ្នាក់ងារសារព័ត៌មានអន្តរជាតិសំខាន់ៗដែលចូលរួមក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg លើកទី២៩ លោកពូទីន បាននិយាយថា រុស្ស៊ីនៅតែត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តការចរចាដោយផ្អែកលើក្របខ័ណ្ឌដែលបានពិភាក្សាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ក្នុងអំឡុងពេលកិច្ចប្រជុំមួយនៅទីក្រុងអានចូរ៉េក ក្នុងខែសីហា ឆ្នាំ២០២៥។
លោកបាននិយាយថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលយកការសម្របសម្រួលដែលបានពិភាក្សានៅក្នុងកិច្ចប្រជុំ ហើយលោកបានសម្តែងក្តីសង្ឃឹមថា ភាគីអ៊ុយក្រែនក៏នឹងយល់ព្រមចំពោះពួកគេផងដែរ។
ទន្ទឹមនឹងនេះ លោក ពូទីន បាននិយាយថា កងទ័ពរុស្ស៊ីកំពុងឈានទៅមុខតាមបណ្តោយខ្សែទំនាក់ទំនងទាំងមូល ហើយបានគ្រប់គ្រងទាំងស្រុងលើតំបន់ Luhansk ជាង ៨៥% នៃតំបន់ Donetsk និង ៨០% នៃតំបន់ Zaporizhzhia។
លោកបាននិយាយថា មិនចាំបាច់មានការផ្អាកអរិភាពដើម្បីចាប់ផ្តើមការចរចាលើអ៊ុយក្រែនទេ ហើយវាជាការប្រសើរជាងក្នុងការបញ្ឈប់សង្គ្រាមទាំងមូលជាជាងឈានដល់បទឈប់បាញ់។
ប្រធានាធិបតីរុស្ស៊ីក៏បាននិយាយផងដែរថា កិច្ចព្រមព្រៀងដែលអាចកើតមានរវាងរុស្ស៊ី និងអ៊ុយក្រែននឹងក្លាយជា «ឯកសារប្រវត្តិសាស្ត្រ»៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





