លីបង់ប្រកាសបទឈប់បាញ់មួយផ្នែករវាងអ៊ីស្រាអែល និងក្រុមហេសបូឡោះ ប៉ុន្តែការវាយប្រហារនៅតែបន្ត
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ -- ប្រទេសលីបង់បានប្រកាសពីបទឈប់បាញ់មួយផ្នែករវាងក្រុមហេសបូឡោះ និងអ៊ីស្រាអែលកាលពីថ្ងៃចន្ទដែលនឹងក្លាយជាការបន្ធូរបន្ថយជម្លោះមួយកម្រិត ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងបង្កឱ្យមានសង្គ្រាមកាន់តែទូលំទូលាយរវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់។
យោងតាមស្ថានទូតលីបង់នៅទីក្រុងវ៉ាស៊ីនតោន បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះនឹងមិនបញ្ចប់ជម្លោះនៅក្នុងប្រទេសនោះទេ។ ប៉ុន្តែវាអំពាវនាវឱ្យអ៊ីស្រាអែលចៀសវាងការវាយប្រហារទៅលើទីក្រុងបេរូត និងតំបន់ជាយក្រុងរបស់ខ្លួនដែលគ្រប់គ្រងដោយក្រុមហេសបូឡោះ ខណៈដែលក្រុមដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់នឹងបញ្ឈប់ការវាយប្រហាររបស់ខ្លួនលើអ៊ីស្រាអែល។
អរិភាពនៅភាគខាងត្បូងប្រទេសលីបង់ ដែលអ៊ីស្រាអែលបានឈ្លានពានកាលពីខែមីនា បានបន្តកាលពីល្ងាចថ្ងៃចន្ទ។ នៅព្រឹកព្រលឹមថ្ងៃអង្គារ យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានស្ទាក់ចាប់គ្រាប់ផ្លោងពីរគ្រាប់ដែលឆ្លងកាត់ពីប្រទេសលីបង់ចូលទៅក្នុងភាគខាងជើងប្រទេសអ៊ីស្រាអែល តែមិនមានរបាយការណ៍អំពីករណីរងរបួសណាមួយនោះទេ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលបានប្រកាសជាលើកដំបូងនូវកិច្ចព្រមព្រៀងនេះ បាននិយាយថា តាមរយៈអន្តរការី ក្រុមហេសបូឡោះបានសន្យាថានឹងមិនវាយប្រហារអ៊ីស្រាអែលឡើយ។
លោក ត្រាំ ក៏បាននិយាយផងដែរថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានយល់ព្រមដកកងទ័ពដែលត្រៀមវាយប្រហារទីក្រុងបេរូតមកវិញ។
បន្ទាប់ពីការប្រកាសរបស់លោក ត្រាំ លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា អ៊ីស្រាអែលនឹងបន្តប្រតិបត្តិការយោធានៅភាគខាងត្បូងប្រទេសលីបង់ ជាកន្លែងដែលកងកម្លាំងជើងគោកកំពុងឆ្ពោះទៅកាន់ទន្លេហ្សាហារ៉ានីដែលជាការលុកលុយដ៏ជ្រៅបំផុតរបស់ពួកគេនៅក្នុងប្រទេសលីបង់ក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





