កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បើកកិច្ចពិភាក្សាបើកចំហរ ស្តីពីនាវាមុជទឹកនុយក្លេអ៊ែរ និងការសន្យាវិនិយោគពីកិច្ចប្រជុំកំពូល លី-ត្រាំ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ -- កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមកិច្ចចរចាជាផ្លូវការ ស្តីពីការជំរុញរបស់ទីក្រុងសេអ៊ូលក្នុងការអភិវឌ្ឍនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងការសន្យារបស់ខ្លួនក្នុងការវិនិយោគចំនួន ៣៥០ពាន់លានដុល្លារអាម៉េរិកនៅសហរដ្ឋអាមេរិកជាថ្នូរនឹងការកាត់បន្ថយអត្រាពន្ធ។
បញ្ហាទាំងនោះ គឺជាផ្នែកមួយនៃកិច្ចពិភាក្សាដែលបានធ្វើឡើងដើម្បីអនុវត្តកិច្ចព្រមព្រៀងសន្តិសុខ និងសេដ្ឋកិច្ច ដែលបានគូសបញ្ជាក់នៅក្នុងសន្លឹកព័ត៌មានរួមដែលបានបោះពុម្ពផ្សាយក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ បន្ទាប់ពីកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។
គណៈប្រតិភូសហរដ្ឋអាមេរិកដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការនយោបាយ លោក អេលលីសិន ហ៊ូកឃើរ និងគណៈប្រតិភូកូរ៉េខាងត្បូងដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេសទីមួយ លោក ផាក យូន-ជូ បានចាប់ផ្តើមកិច្ចប្រជុំរយៈពេលពីរថ្ងៃរបស់ពួកគេនៅទីក្រុងសេអ៊ូលកាលពីថ្ងៃអង្គារ។
គណៈប្រតិភូអាម៉េរិកត្រូវបានគេរាយការណ៍ថា រួមមានមន្ត្រីមកពីក្រុមប្រឹក្សាសន្តិសុខជាតិ ក្រសួងការបរទេស ក្រសួងថាមពល និងភ្នាក់ងារផ្សេងៗទៀត ខណៈដែលពីគណៈប្រតិភូកូរ៉េខាងត្បូង រួមមានមន្ត្រីមកពីការិយាល័យសន្តិសុខជាតិ ក្រសួងការពារជាតិ ក្រសួងអាកាសធាតុ ថាមពលនិងបរិស្ថាន ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងធនធាន និងក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាព័ត៌មាន បានចូលរួមក្នុងកិច្ចពិភាក្សានោះ។
ធាតុសំខាន់ៗនៅក្នុងរបៀបវារៈ គឺមហិច្ឆតារបស់ទីក្រុងសេអ៊ូលក្នុងការសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដែលផលិតក្នុងស្រុករួមជាមួយនឹងការពង្រីកសមត្ថភាពចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម កែច្នៃឥន្ធនៈប្រើប្រាស់ឡើងវិញ និងលក្ខខណ្ឌនៃការប្តេជ្ញាចិត្តវិនិយោគ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





